R. Madrid ឡើងឈរកំពូលតារាងលើ Barca វិញ ក្រោយឈ្នះ​ Espanyol ១-០ កាលពីយប់មិញ

0
950

ក្លិប Real Madrid បានហក់ឡើងកំពូលតារាងក្របខ័ណ្ឌ La Liga ដោយឈរពីលើក្លិបលេខ២ Barcelona ចំនួន២ពិន្ទុ ក្រោយយកឈ្នះក្លិប Espanyol ក្នុងលទ្ធផល១ទល់នឹង០កាលពីយប់មិញ។

១គ្រាប់របស់កីឡាករសញ្ជាតិប្រេស៊ីល Casemiro នៅចុងតង់ទី១ បានធានា៣ពិន្ទុឲ្យក្លិបស្តេចស Real Madrid ឡើងឈរកំពូលតារាង ក្រោយការបោះបាល់យ៉ាងល្អ ដែលជាការវ៉ៃកែងរបស់កីឡាករសញ្ជាតិបារាំង Karim Benzema ។

នៅក្នុងការប្រកួតនោះដែរក្លិប Real Madrid ធ្វើការគ្របសង្កត់លើក្លិបម្ចាស់ផ្ទះ Espanyol ជាខ្លាំងដោយគ្រប់គ្រងបាល់បានរហូតដល់ទៅ៦៩ភាគរយឯណោះ ដោយស៊ុតបាន១៥ជើង ចំគោលដៅចំនួន៨លើក។ យ៉ាងណាមិញក្លិប Espanyol ក៏មានឱកាសស៊ុតបានចំនួន៨ជើងផងដែរ​ ក្នុងនោះចំគោលដៅបាន៥លើក។

ជាក់ស្តែងក្លិប Real Madrid អាចឈ្នះពាន La Liga របស់ពួកគេនៅរដូវកាលនេះបាន ប្រសិនបើពួកគេបន្តការឈ្នះឲ្យបាន៦ប្រកួតទៀត ឬឈ្នះ៥ប្រកួតនិងស្មើ១ប្រកួត។ ស្របពេលជាមួយគ្នានេះដែរក្លិប Barcelona នឹងត្រូវប៉ះជាមួយគូប្រជែងដ៏ស្វិតស្វាញមួយទៀត នៅប៉ុន្មានថ្ងៃខាងមុខនេះគឺក្លិប Atletico Madrid ហើយវានឹងធ្វើឲ្យ Real Madrid មានសង្ឃឹមកាន់តែច្រើនប្រសិនបើ Barcelona ចាញ់ឬស្មើទៀតនោះ៕