ខ្សែបម្រើរបស់ក្រុម Monaco កីឡាករ Cesc Fabregas យល់ឃើញថា ទម្រង់លេងរបស់ខ្សែប្រយុទ្ធ Kylian Mbappe គឺស័ក្ដិសមទៅនឹងប្រព័ន្ធលេងរបស់ Real Madrid ។
ក្នុងរយៈពេល១ឆ្នាំចុងក្រោយនេះ Mbappe មានព័ត៌មានលេចឭច្រើនទៅនឹងការផ្លាស់ទៅចូលរួមជាមួយ Real Madrid ដោយអ្នកចាត់ការទូទៅលោក Zinedine Zidane ត្រូវបានគេរាយការណ៍មកថា មានការពេញចិត្តខ្លាំងទៅលើសមត្ថភាពរបស់ខ្សែប្រយុទ្ធវ័យ២១ឆ្នាំរូបនេះ។
យ៉ាងណាមិញ Fabregas ដែលជាគូប្រជែងមួយរូបរបស់Mbappe នៅក្របខណ្ឌLigue 1 ជឿជាក់ថា ប្រសិនបើជម្រើសជាតិបារាំងផ្លាស់ទៅកីឡដ្ឋាន Santiago Bernabeu នោះគេអាចនឹងឈ្នះពាន Ballon d’Or នៅថ្ងៃណាមួយ ដោយលើកហេតុផលថា បច្ចេកទេសរបស់ម្ចាស់អាវលេខ៧ក្រុម PSG រូបនេះ គឺស័ក្ដសមទៅនឹងរបៀបរបបនៃការលេងរបស់ Real Madrid ។
អតីតខ្សែបម្រើក្រុម Arsenal និង Chelsea រូបនេះ បាននិយាយក្នុងកម្មវិធី Estudio Estadio យ៉ាងដូច្នេះថា៖
គាត់ជាក្មេងប្រុសដែលស្រែកឃ្លានខ្លាំង ក្នុងការក្លាយជាកីឡាករដ៏ឆ្នើមជាងគេបំផុត។ ស្ទាយ៍លេងរបស់គាត់ គឺស័ក្ដិសមនឹងលេងឲ្យក្រុមដូចជា Real Madrid ។
គួរឲ្យដឹងដែរថា ក្នុងរដូវកាលនេះ Mbappe នៅតែបន្តទម្រង់លេងលេចធ្លោ ពោលក្នុងចំណោមការបង្ហាញខ្លួន ៣៣ប្រកួត គិតរាល់ព្រឹត្តិការណ៍ទាំងអស់ គេស៊ុតបញ្ចូលទីបាន៣០គ្រាប់ ថែមទាំងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន ១៧ដង៕