Ighalo នៅ​ជាមួយ​បិសាច​ក្រហម​ដល់​ខែ​មករា ឆ្នាំ​ក្រោយ

0
854

ក្រុម​បិសាច​ក្រហម ​Manchester United បាន​បន្ត​កិច្ច​សន្យា​ខ្ចី​ជើង​កីឡាករ Odion Ighalo រហូត​ដល់​ខែ​មករា ឆ្នាំ​ ២០២១ កាល​ពី​ថ្ងៃ​ចន្ទ ដើម្បី​ធានា​បាន​ថា​ ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​នីហ្សេរីយ៉ា​នឹង​អាច​នៅ​បញ្ចប់​រដូវ​កាល ២០១៩​-​២០២០ ជាមួយ​ក្លិប​នៅ​ក្រប​ខ័ណ្ឌ Premier League របស់​អង់គ្លេស​មួយ​នេះ​។​​​

កុង​ត្រា​ខ្ចី​ជើង​លើក​ទី​ ១ របស់ ​Ighalo ពី​ក្រុម​របស់​ចិន Shanghai Shenhua បាន​ផុត​កំណត់​នៅ​ចុង​ខែ​ឧសភា តែក្រុម Man United បាន​សម្រេច​ពន្យារ​បន្ថែម​ទៀត ដោយសារ​កីឡាករ​វ័យ ៣០ ​ឆ្នាំ បាន​ផ្តល់​ឲ្យ​មាន​​ការ​ចាប់​អារម្មណ៍​ឡើង​វិញ ដោយ​ការ​ស៊ុត​បញ្ចូល​ទី​បាន ៤ ​គ្រាប់ ជាមួយ​នឹង​ការ​បង្ហាញ​ខ្លួន ៨​ លើក​ មុន​ពេល​ការ​ប្រកួត​បាល់ទាត់ ត្រូវ​បាន​អសកម្ម ដោយសារ​ការ​រាត​ត្បាត​នៃ​វីរុស​កូរ៉ូណា ក្នុង​ខែ​មីនា​។​​

ក្រុម ​Man United បាន​ឲ្យ​ដឹង​ក្នុង​សេចក្ដី​ប្រកាស​របស់​ខ្លួន​ថា​៖ «​ក្រុម Manchester United បាន​ឈាន​ដល់​កិ្ច​ព្រមព្រៀង​ជាមួយ​ក្រុម​ Shanghai Greenland Shenhua (Shanghai) ដើម្បី​បន្ត​កិច្ច​សន្យា​ខ្ចី​ជើង​កីឡាករ Odion Ighalo បន្ថែម​ទៀត​។ ឥឡូវ​នេះ រូប​គាត់​ នឹង​នៅ​ជាមួយក្រុម​យើង​ រហូត​ដល់​ថ្ងៃ​ទី​ ៣១ ខែ ​១ ឆ្នាំ​ ២០២១​ ដែល​វា​នឹង​អាច​ឲ្យ​រូប​គាត់មាន​លទ្ធភាពបង្កើត​នូវ​ការ​ចាប់​​ផ្ដើម​ដ៏​​គួរ​ឲ្យ​ចាប់​​អារម្មណ៍មួយ​ជាមួយ​ក្លិប​ដែល​គាត់​គាំ​ទ្រ​តាង​ពី​នៅ​ក្មេង​»​។

ក្រោយ​ទទួល​បាន​ការ​ពន្យា​រកិច្ច​សន្យា​​នេះ កីឡាករ​ Ighalo អាច​បង្ហាញ​ឲ្យ​ឃើញ​ពីការ​បន្ថែម​កីឡាករ​ដ៏​​សំខាន់​ ក្នុង​ក្រុម​លោក​ Ole Gunnar Solskjaer នៅ​មុន​កាលវិភាគ​នៃ​ការ​ប្រកួត​ដ៏​មមា​ញឹក​ ពេល​ដែល​ការ​ប្រកួត​ចាប់​ផ្ដើម​ដំណើរ​ការ​ឡើង​វិញ ចុង​ខែ​នេះ​។

ស្រប​ពេល​​ក្រប​ខ័ណ្ឌ Premier League កំណត់​ពេល​ចាប់​ផ្ដើម​សកម្ម​ភាព​វិញ នៅ​ថ្ងៃ​ទី​ ១៧ ខែ​មិថុនា ​នេះ ​ក្រុម​បិសាច​ក្រហម​ អាច​នឹង​ប្រឈម​ជាមួយ​ការ​ប្រកួត​ដល់​ទៅ ១២​ លើក​ ក្នុង​រយៈ​ពេល​ជាង ១​ ខែ គិត​ទាំង​ការ​ប្រកួត​កម្មវិធី ​​​ FA Cup ផង ប្រសិន​បើពួក​គេ អាច​បន្ត​ដំណើរ​ទៅ​វគ្គ​បន្ទាប់។

លោក​គ្រូបង្វឹក Solskjaer ដែល​នឹង​ត្រូវ​ដឹក​នាំ​កូន​ក្រុម​ធ្វើ​យុទ្ធនាការ ក្នុង​ក្របខ័ណ្ឌ Europa League នា​ខែ​សីហា​ដែរ​នោះ បាន​និយាយ​ក្រោយ​សម្រេច​ខ្ចី​ជើង​កីឡាករ​ខាង​លើ​នេះ​ថា​៖ «​ពួកគេ​​ (ក្រុម Shanghai) មាន​ទឹក​ចិត្ត​ប្រពៃ​មែន​ទែន​ចំពោះ​ពួក​យើង ដែល​អនុញ្ញាតឲ្យ​គាត់លេង​ឲ្យ​ក្រុមសំណព្វ​ចិត្ត​របស់​គាត់។ វា​ជា​សុបិន​របស់​គាត់ ហើយ​សង្ឃឹម​ថា គាត់​អាច​បញ្ចប់​នូវ​អ្វី ដែល​គាត់​បាន​ចាប់​ផ្ដើម និង​ឈ្នះ​ពាន​ជាមួយ​ពួក​យើង​»​៕