បន្ទាប់ពីថ្មីៗកីឡាករ Arthur Melo បានចាកចេញពីក្លិបទៅចូលរួមជាមួយនឹងក្លិប Juventus រួចមកក្លិប Barcelona នឹងអាចធ្វើការលក់ ខ្សែបម្រើជួរមុខរបស់ខ្លួនម្នាក់ទៀតគឺកីឡាករ Ivan Rakitic ដោយកំពុងតែបើកដៃឲ្យក្លិប Paris Saint-Germain ដែលបានចាប់អារម្មណ៍លើតារាវ័យ៣២ឆ្នាំ ជាយូរមកហើយនោះ ចូលចែចូវ។
គួរឲ្យដឹងដែរថាអ្នកនាំលេងសញ្ជាតិក្រូអាតរូបនេះនៅសល់កុងត្រាជាមួយ Barca តែមួយរដូវកាលទៀតប៉ុណ្ណោះ ហើយក្លិបយក្សតំបន់កាតាឡាន់ កំពុងរកក្លិបណាដែលចង់បានរូបគេទៅរួមក្រុម ព្រោះខ្លាច Rakitic ចាកចេញពីក្លិបដោយគ្មានតម្លៃខ្លួននៅចុងរដូវកាលក្រោយ។
យ៉ាងណាមិញ ក្លិបអ្នកមានរបស់បារាំង PSG មិនទាន់ធ្វើការឆ្លើយតបជាមួយនឹងការផ្ដល់ជូន Rakitic ពីក្លិប Barcelona នៅឡើយទេ។
ដោយឡែកនៅមានខ្សែបម្រើម្នាក់ទៀតដែល Barca កំពុងត្រៀមលក់ចេញគឺកីឡាករ Arturo Vidal ។ ស្របពេលជាមួយគ្នានេះ Barcelona ក៏ទិញបានខ្សែបម្រើម្នាក់ផងដែរគឺកីឡាករ Miralem Pjanic ពីក្លិប Juventus និងកំពុងតែត្រៀមយកកីឡាករ Carles Aleñá មករួមក្រុមវិញក្រោយឲ្យក្លិប Real Betis ខ្ចីជើងកាលពីឆ្នាំមុន។