ខ្សែប្រយុទ្ធ Mohamed Salah ជាអ្នកស៊ុតបាល់ចុងក្រោយគេ ខណៈដែលក្រុមជម្រើសជាតិអេហ្ស៊ីប បានយកឈ្នះក្រុមកូតឌីវ័រ ក្នុងវគ្គទាត់បាល់ប៉េណាល់ទីកាត់ក្ដី ៥-៤ បន្ទាប់ពីម៉ោងធម្មតា និងម៉ោងបន្ថែមពិសេស ១៥ នាទី ២ ដង ស្មើគ្នា ០-០ សម្រាប់ការប្រកួត នៅក្នុងក្រុងឌូអាឡា (Douala) កាលពីថ្ងៃពុធ ដោយលទ្ធផលនេះ នាំឱ្យក្រុមម្ចាស់ជើងឯក ៧ សម័យកាល ឡើងទៅវគ្គ ៨ ក្រុមចុងក្រោយ ក្នុងព្រឹត្តិការណ៍ Africa Cup of Nations (AFCON)។
តារាឆ្នើម Salah របស់ក្រុមហង្សក្រហម Liverpool ស៊ុតបាល់ប៉េណាល់ទីរបស់ខ្លួនអត់ប្លាត ខណៈដែលការទាត់បាល់កាត់ក្ដីនេះ មានតែខ្សែការពារ Eric Bailly របស់ក្រុមកូតឌីវ័រម្នាក់ប៉ុណ្ណោះ ដែលទាត់អត់សម្រេច ដោយត្រូវអ្នកចាំទីបម្រុង Mohamed Abougabal រារាំងបាន ហើយក្រុមអេហ្ស៊ីប ត្រូវឡើងទៅជួបក្រុមម៉ារ៉ុក ក្នុងវគ្គ ៨ ក្រុម នៅក្រុងយុនដេ នាថ្ងៃអាទិត្យនេះ។
នេះគឺជាការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយដ៏តានតឹង ដែលសម្រាប់ការប្រើរយៈពេលដ៏យូរ ប្រហាក់ប្រហែលនឹងការប្រយុទ្ធគ្នា នៅលើទីលានដ៏អន់មួយ នាកីឡដ្ឋាន Japoma ក្នុងរដ្ឋធានីសេដ្ឋកិច្ចរបស់ប្រទេសកាមេរូន ហើយវាគួរតែក្រុមអេហ្ស៊ីប នឹងទទួលបានផលពីការបញ្ចប់ទីដ៏ខ្សោយរបស់ពួកគេ។
តែយ៉ាងណាក្ដី ក្រុមអេហ្ស៊ីបរបស់លោក Carlos Queiroz ឥឡូវនេះ កំពុងធ្វើដំណើរទៅវគ្គ ៨ ក្រុមហើយ បើទោះបីជាស៊ុតបញ្ចូលទីបានតែ ២ គ្រាប់ប៉ុណ្ណោះ ក្នុងចំណោម ៤ ហ្គេមរបស់ខ្លួន ក្នុងការប្រកួតប្រជែង នៅប្រទេសកាមេរូន មកទល់ពេលនេះក៏ដោយ។
«ដោយពិចារណាលើចំនួននៃឱកាស យើងមានអារម្មណ៍ថា យើងសមនឹងទទួលបានជ័យជម្នះនេះ។ វាជាចំណែកមួយនៃក្រុម។ កីឡាករ និងគ្រូបង្វឹកអាជីព មិនអាចរស់ដោយគ្មានសម្ពាធឡើយ។ វាគឺជាប្រភពនៃកម្លាំងជំរុញចិត្ត»។ នេះជាការលើកឡើងរបស់លោក Queiroz ដែលបានប្រាប់ថា លោកកំពុងមានការរីកចម្រើន ក្រោមសម្ពាធដ៏តឹងតែង ទោះមានការរិះគន់ចំពោះគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ នៅអេហ្ស៊ីបក៏ដោយ។
ស្របពេលជាមួយគ្នានេះដែរ ម្ចាស់ជើងឯក ២ សម័យកាល កូតឌីវ័រ ត្រូវបានខ្ទាតចេញពីការប្រកួតប្រជែង ជាថ្មីម្តងទៀត ដោយសារក្រុមអេហ្ស៊ីប ដែលបានមានប្រៀបជាយូរមកហើយ ក្នុងការជួបគ្នារវាងក្រុមគីឡូយក្សប្រចាំទ្វីបអាហ្វ្រិកទាំង ២ នេះ។ នេះគឺជាការប្រឈមមុខជាមួយគ្នា នៅ AFCON លើកទី១១ ហើយក្រុមកូតឌីវ័រ ដែលមានរហស្សនាមថា ដំរី ឈ្នះតែ ១ ដងគត់។
សម្រាប់ក្រុមអេហ្ស៊ីប ក្នុងចំណោមជោគជ័យដ៏ច្រើនរបស់ពួកគេលើក្រុមកូតឌីវ័រ គឺមានការឈ្នះក្នុងវគ្គប៉េណាល់ទី កាលពីឆ្នាំ ២០០៦ ក្នុងវគ្គផ្ដាច់ព្រ័ត្រ និងការឈ្នះច្រើនគ្រាប់ ក្នុងវគ្គ ៤ ក្រុមចុងក្រោយ កាលពីឆ្នាំ ២០០៨។
បើទោះបីជាក្រុមធ្លាក់ចេញពីព្រឹត្តិការណ៍នេះក៏ដោយ ក៏គ្រូបង្វឹករបស់ក្រុមកូតឌីវ័រ លោក Patrice Beaumelle បានប្រាប់ថា៖ «ខ្ញុំពិតជាមិនអាចបន្ទោសកីឡាករបានទេ។ វាមិនមែនថា ពួកគេបា្លតរាល់ការស៊ុតបាល់ប៉េណាល់ទីនោះទេ។ វាគ្រាន់តែត្រូវបានសម្រេច ដោយរឿងរ៉ាវលម្អិតតិចតួចតែប៉ុណ្ណោះ»៕