ចាំមើលថាតើ Juventus អាចទិញយកកីឡាករម្នាក់នេះពីក្រុម Chelsea បានដែរឬទេ?

0
772

ក្រុមសេះបង្កង់ Juventus គឺជាក្រុមដ៏ខ្លាំងមួយនៅក្នុងទ្វីបអឺរ៉ុប ដែលក្រុមមួយនេះប្រជុំដោយកីឡាករកំពូលៗជាច្រើនរូបដូចជា កីឡាករ Cristiano Ronaldo កីឡាករ Dybala និងកីឡាករ De Ligt ជាដើម។ មិនត្រឹមតែប៉ុណ្ណោះបច្ចុប្បន្នក្រុម Juventus កំពុងតែសម្លឹងមើលឃើញកីឡាករម្នាក់ទៀតហើយរបស់ក្រុមតោខៀវ Chelsea គឺកីឡាករខ្សែបម្រើ Jorginho ដើម្បីយកពង្រឹងតំបន់បម្រើរបស់ខ្លួននៅក្នុងរដូវកាលក្រោយ។

កីឡាករខ្សែបម្រើសញ្ជាតិអ៊ីតាលី Jorginho រូបនេះបានបង្ហាញទម្រង់លេងយ៉ាងល្អឲ្យក្រុម Chelsea នាប៉ុន្មានរដូវកាលចុងក្រោយនេះ ហើយបានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ក្រុមជាច្រើននៅក្នុងពិភពលោកចង់បានរូបគេយកទៅចូលរួម។

នៅក្នុងរដូវកាល ២០១៩-២០២០ កីឡាករខ្សែបម្រើ Jorginho បានចូលរួមបង្ហាញខ្លួនឲ្យក្រុមចំនួន ២៦ប្រកួត និងស៊ុតបាល់បញ្ចូលទីឲ្យក្រុមបានចំនួន ៤គ្រាប់ ហើយជាពិសេសបានជួយឲ្យក្រុម Chelsea ឈរនៅចំណាត់ថ្នាក់លេខបួនក្នុងក្របខណ្ឌ English Premier League។

យោងតាមគេហទំព័រ Fotmob ដែលបានចុះផ្សាយនៅថ្ងៃទី៣ ខែមិថុនា នេះថា “ម្ចាស់ក្លឹប Juventus លោក Fabio Paratici បានធ្វើការស្នើសុំទិញយកកីឡាករ Jorginho ពីក្រុម Chelsea មកចូលរួមជាមួយក្រុមរបស់ខ្លួននៅក្នុងរដូវកាលក្រោយ ប៉ុន្តែមកដល់ពេលនេះហើយនៅមិនទាន់មានការឆ្លើយតបអ្វីពីក្រុម Chelsea នៅឡើយនោះទេ”៕