ក្រុមអ្នកមានបុណ្យ Barcelona (Barca) នឹងចាប់ផ្ដើមយុទ្ធនាការ ការពារពានរង្វាន់លីកកំពូលរបស់ប្រទេសអេស្ប៉ាញ របស់ខ្លួន ដោយការធ្វើដំណើរទៅផ្ទះរបស់ក្រុម Real Mallorca នៅថ្ងៃទី ១៣ ខែមិថុនា ក្រោយពីផ្អាករយៈពេល ៣ ខែ ដោយសារការរាតត្បាតពីជំងឺកូវីដ ១៩ ខណៈក្រុមគូប្រជែងស្លាប់រស់ គឺអធិរាជស Real Madrid (Real) នឹងបើកទ្វារកីឡដ្ឋាន Santiago Bernabeu របស់ខ្លួនស្វាគមន៍ក្រុម Eibar ១ ថ្ងៃបន្ទាប់។ នេះបើតាមអ្នកគ្រប់គ្រងក្របខ័ណ្ឌ La Liga ប្រកាសឲ្យដឹងកាលពីថ្ងៃអាទិត្យ។
ការប្រកាសរបស់អ្នកគ្រប់គ្រងលីកបានបង្ហើបថា រដូវកាលនៃក្របខ័ណ្ឌកំពូលនេះ ចាប់ផ្ដើមមានសកម្មភាពឡើងវិញ ជាមួយនឹងការជួបគ្នារវាងក្រុមម្ចាស់ផ្ទះ Sevilla និងក្រុមភ្ញៀវ Real Betis នៅថ្ងៃទី ១១ ខែមិថុនា ហើយការកំណត់គូប្រកួតនៅ ៧ ថ្ងៃក្រោយ គឺ Barca នឹងប្រកួតជាមួយ Leganes នៅផ្ទះខ្លួនឯង នាថ្ងៃទី ១៦ ខែមិថុនា ស្របពេលក្រុម Real ចាំទទួលការមកសួរសុខទុក្ខរបស់ក្រុម Valencia នៅថ្ងៃទី ១៨ ខែមិថុនា។
មិនខុសពីក្របខ័ណ្ឌ Bundesliga របស់អាល្លឺម៉ង់ ដែលនៅដើមខែឧសភា បានក្លាយជាលីកកំពូលរបស់អឺរ៉ុបដំបូងគេ ក្នុងការចាប់ផ្ដើមឡើងវិញ ក្រោយត្រូវបានរំខាន ដោយការរាតត្បាតនៃជំងឺនេះ គឺថា គ្រប់ការប្រកួតនៃក្របខ័ណ្ឌ La Liga ទាំងអស់ចាប់ពីផ្ដើមឡើងវិញរហូតដល់បញ្ចប់រដូវកាល នឹងត្រូវធ្វើឡើង ដោយអត់មានអ្នកគាំទ្រចូលរួមទស្សនា។
មុនការប្រកួតត្រូវផ្អាកនៅខែមីនា ដោយសារការផ្ទុះឡើងនូវវីរុសកូរ៉ូណា ក្រុមអ្នកមានបុណ្យកំពុងឈរនៅកំពូលតារាង ដោយមាន ៥៨ ពិន្ទុក្រោយការប្រកួតបញ្ចប់ទៅ ២៧ សប្ដាហ៍ ពោលគឺនាំមុខក្រុមអធិរាជស ២ ពិន្ទុ។
ជាមួយគ្នានេះ ក្រុមអ្នករៀបចំការប្រកួតបានបញ្ចេញព័ត៌មាននៃការកំណត់គូប្រកួតតែ ២ ជុំដំបូងប៉ុណ្ណោះ បើទោះជាប្រធាន La Liga លោក Javier Tebas អះអាងថា នឹងមានការប្រកួតរាល់ថ្ងៃ នៅគ្រប់អាទិត្យ រហូតដល់រដូវកាលនេះ ត្រូវបានបញ្ចប់ទាំងស្រុងនៅថ្ងៃទី ១៩ ខែកក្កដា។
លោក Tebas ក៏ប្រាប់លម្អិតដែរ ពីការរៀបចំឲ្យមានការគោរពវិញ្ញាណក្ខន្ធដល់អ្នកដែលបាត់បង់ជីវិត ដោយសារជំងឺផ្លូវដង្ហើមថ្មីនេះ ដោយឲ្យអ្នកគាំទ្រថតសំឡេងរបស់ពួកគេជាមួយនឹងសំឡេងទះដៃក្នុងន័យគោរពដល់ជនរងគ្រោះទាំងអស់ ហើយយកខ្សែអាត់នោះ ទៅចាក់នៅក្នុងកីឡដ្ឋាន និងមានផ្សាយតាមទូរទស្សន៍ផងដែរ នៅរៀងរាល់ការប្រកួតនីមួយៗ។
លោកប្រធាន Tebas បានថ្លែងទៅកាន់ទូរទស្សន៍ Movistar ថា៖ «អ្នកគាំទ្រទាំងឡាយធ្វើឲ្យបាល់ទាត់ពិសេសខ្លាំងណាស់ ហើយនៅពេលពួកគេមិនអាចចូលរួមក្នុងកីឡដ្ឋានបែបនេះ យើងក៏ចាប់ផ្ដើមផ្ដួចផ្ដើមឲ្យមានគំនិតនេះឡើង ដើម្បីឲ្យពួកគេអាចមានចំណែករួមជាមួយនឹងការចាប់ផ្ដើមការប្រកួតឡើងវិញ ហើយនិងអាចបង្ហាញការគាំទ្ររបស់ខ្លួនចំពោះវីរបុស ដែលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩»។
លោក Tebas បានបន្តថា៖ «យើងចង់ឲ្យអ្នកគាំទ្រទាំងអស់មានអារម្មណ៍ថា ពួកគេនៅតែមិនបានឃ្លាតឆ្ងាយពីក្លិបរបស់ខ្លួន បើទោះជាពួកគេបានមកចូលរួមក្នុងកីឡដ្ឋានត្រឹមតែសំឡេងក៏ដោយ។ វិធីនេះក៏នឹងធ្វើឲ្យកីឡាករទាំងអស់ បានឮនូវសំឡេងរបស់អ្នកគាំទ្ររបស់ពួកខ្លួនផងដែរ ដែលផ្ញើមកលើកទឹកចិត្ត អំឡុងពេលអត់មានវត្តមាននេះ»។
ប្រសិនបើគ្រប់យ៉ាងដូចការលើកឡើងនេះ នោះលីកកំពូលរបស់ប្រទេសអេស្ប៉ាញ កំពុងត្រៀមក្លាយជាលីកទី ២ នៃលីកកំពូលទាំង ៥ របស់ទ្វីបអឺរ៉ុប ដែលចាប់ផ្ដើមរដូវកាលរបស់ខ្លួនវិញ បន្ទាប់ពីក្របខ័ណ្ឌ Bundesliga ដែលដំណើរការបាន ២-៣ ប្រកួតហើយ ខណៈក្របខ័ណ្ឌ Premier League របស់អង់គ្លេស គ្រោងផ្ដើមវិញ នៅថ្ងៃទី ១៧ ខែមិថុនា ហើយ Serie A របស់អ៊ីតាលី ប្រុងវិលមកជាថ្មីម្ដងទៀត នៅថ្ងៃទី ២០ ខែមិថុនា៕