ប្រសិនបើទិញ Neymar ឬ Martinez មិនបាន Barca នឹងបង្វែរទិសដៅតាមទិញកីឡាករឆ្នើមនៅ Bundesliga ម្នាក់នេះវិញ

0
605

យោងតាមប្រភពព័ត៌មាន ក្នុងប្រទេសអាល្លឺម៉់ង់បានឲ្យដឹងថា ខ្សែប្រយុទ្ធស្លាបវ័យក្មេងរបស់ក្រុម Bayern Munich កីឡាករ Kingsley Coman ក៏ស្ថិតក្នុងបញ្ជីគោលដៅរបស់ក្លិបអ្នកមានបុណ្យ FC Barcelona ផងដែរ។

ប្រភពដដែលបានបន្ថែមទៀតថា Coman ជាជម្រើសបន្ទាប់របស់ Barca នៅក្នុងទីផ្សារដោះដូររដូវក្ដៅខាងមុខ ប្រសិនបើក្លិបយក្សតំបន់កាតាឡាន់ បរាជ័យក្នុងការតាមទិញគោលដៅសំខាន់២រូបរួមមាន ខ្សែប្រយុទ្ធ Lautaro Martinez របស់ Inter Milan នឹងអតីតម្ចាស់អាវលេខ១១របស់ខ្លួន Neymar។

Coman ធ្លាប់ជាកីឡាករវ័យក្មេងដ៏លេចធ្លោមួយរូប ក្នុងរជ្ជកាលលោក Pep Guardiola ដឹកនាំ Bayern Munich។ យ៉ាងណមិញ ក្នុងរដូវកាលនេះ ទម្រង់លេងរបស់គេនៅល្អគួរសមដដែល ពោលក្នុងចំណោមការបង្ហាញខ្លួន២៤ប្រកួត គេរួមចំណែករកគ្រាប់បាល់ឲ្យក្រុមបាន១០គ្រាប់ (ស៊ុត៥ Assist ៥) ។

ទន្ទឹមនឹងនេះ ក្លិបយក្សអាល្លឺម៉ង់ ត្រូវបានគេររាយការណ៍មកថា បានដាក់តម្លៃខ្លួនខ្សែប្រយុទ្ធសញ្ជាតិបារាំងប្រមាណ ៦០លានអឺរ៉ូ (ឬប្រមាណ ៦៥លានដុល្លារ)។

គួរបញ្ជាក់ផងដែរថា ត្រឹមវ័យ២៣ឆ្នាំ Coman ជាប់ឈ្មោះជាកីឡាករបាល់ទាត់ជោគជ័យមួយរូប ក្នុងអាជីពទៅហើយ តួយ៉ាងគេធ្លាប់ឈ្នះពាន Ligue 1 ជាមួយក្លិប Paris Saint-Germain ឈ្នះពាន Serie A ជាមួយ Juventus និង ឈ្នះពាន Bundesliga ចំនួន៤ដង ជាមួយក្លិប Bayern Munich៕