បើពិតជាចង់លើកពាន La Liga, Zidane ត្រូវដោះស្រាយធំៗចំនួន ៥នេះ

0
294

ដោយសារបាល់ទាត់ជិតវិលត្រលប់មកវិញហើយ ក្លឹប Real Madrid កំពុងត្រៀមខ្លួនដើម្បីត្រឡប់ទៅរកការប្រកួតដណ្តើមជើងឯក La Liga របស់ពួកគេសាជាថ្មី។

ប៉ុន្តែអ្វីដែលនៅចំពោះមុខត្រូវដោះស្រាយគឺ Zinedine Zidane មានរឿងដែលត្រូវដោះស្រាយសំខាន់ៗចំនួន៥។ ដំណោះស្រាយនេះនឹងជាចំណុចដ៏សំខាន់របស់ Los Blancos ក្នុងការដណ្តើមយកជើងឯងពីក្រុម Barcelona មកវិញ បើទោះបីជាពួកគេបច្ចុប្បន្នមានពិន្ទុតិចជាងក្រុម Barcelona ត្រឹម ២ ពិន្ទុក៏ដោយ។

១. ទម្រង់លេង

Zidane ពេញចិត្តនឹងទម្រង់លេង ៤-៣-៣ ហើយតាមកាលៈទេសៈនេះ គាត់អាចនឹងប្រើទម្រង់លេងបែបនេះម្តងទៀត។ ទម្រង់លេងនេះនឹងកើតឡើងពេលដែល Hazard និង Asensio វិលត្រឡប់មក វិញ ដែលកីឡាករឆ្នើមទាំងពីររូនេះនឹងក្លាយជាដៃគូដ៏សំខាន់ដែលអាចលេងត្រូវជើងគ្នាជាមួយ Karim Benzema ។

២. កីឡាករ Hazard និង កីឡាករ Asensio

ការវិលត្រឡប់របស់កីឡាករឆ្នើមសញ្ជាតិបែលហ្ស៊ិកពិតជានឹងធ្វើឱ្យកីឡាករ Vinicius Jr នៅអង្គុយកៅអីបម្រុងជាក់ជាមិនខាន ខណៈ Asensio នឹងត្រូវប្រជែងយកជម្រើស ១១ នាក់ជាមួយនឹង Gareth Bale, Lucas Vazquez និង Rodrygo Goes ។ សម្រាប់ខ្សែប្រយុទ្ធដទៃទៀតដូចជា Luka Jovic, Mariano និង Brahim មិនត្រូវបានគេរំពឹងថានឹងត្រូវបានផ្តល់ឱកាសលេងបានច្រើនឡើយ ជាពិសេសគឺ Luka Jovic ដែលកំពុងរងរបួស។

៣. ប្រើខ្សែបម្រើបីនាក់ ឬបួននាក់?

ការរៀបចំទម្រង់បែបប្រយុទ្ធថ្មីរបស់ Zidane អាចនឹងជះឥទ្ធិពលដល់ការជ្រើសរើសខ្សែបម្រើ។ ប្រសិនបើ Zidane ជ្រើសរើសដាក់ខ្សែបម្រើ ៣ នាក់ នោះ Casemiro ពិតជានឹងក្លាយជាខ្សែបម្រើម្នាក់ក្នុងចំណោមខ្សែបម្រើទាំងបី។ សម្រាប់ Fede Valverde ច្បាស់ណាស់ថានឹងជាខ្សែបម្រើម្នាក់ទៀតបន្ទាប់ពីគាត់ ខណៈដែល Modric និង Toni Kroos ស្ថិតក្រោមការសម្រេចចិត្ត តែទោះជាយ៉ាងណា Kroos មានភាគរយខ្ពស់ជាង Modric ។

ទោះយ៉ាងណា ប្រសិនបើគ្រូបង្វឹកសញ្ជាតិបារាំងរូបនេះប្រើខ្សែបម្រើបួននាក់ នោះវាជាឱកាសសម្រាប់ Isco បានលេងក្នុងទម្រង់ ៤-៤-២ ដែលជាទម្រង់មួយដែលកីឡាករអេស្ប៉ាញរូបនេះលេងបានល្អបំផុតក្រោមការដឹកនាំរបស់លោក Zidane កាលប្រកួត Champions League ឆ្នាំ ២០១៦-២០១៧ ។

៤. Marcelo ឬ Mendy?

ឥឡូវនេះមានសំណួរតែមួយគត់ដែលនៅសល់គឺថាតើនរណានឹងក្លាយជាខ្សែការពារខាងឆ្វេង ជា Marcelo ឬ Ferland Mendy? Mendy លេងបាន ២២ ប្រកួត ចំណែកឯ Marcelo បង្ហាញខ្លួនបាន ១៩ ប្រកួត នៅរដូវកាល ២០១៩-២០២០ នេះ ទោះបី Marcelo លេងបានល្អក៏ដោយ។

៥. ការឆ្លាស់កីឡាករលេង និងកីឡាករជំនួសទាំងប្រាំនាក់

ជាមួយនឹងការផ្លាស់ប្តូរច្បាប់ថ្មីដែលនឹងចូលជាធរមានឆាប់ៗនេះ កីឡាករបម្រុងអាចប្តូរចូលចំនួនប្រាំនាក់ក្នុងមួយប្រកួត ហើយ Zidane នឹងត្រូវតែរៀបចំយុទ្ធសាស្ត្រនៃការប្រកួតឱ្យបានច្បាស់លាស់។ ការដែលកីឡាកររងរបួសធ្វើឱ្យ Zidane ប្រើទម្រង់ ៤-៥-១ កាលពីលេងពាន Supercopa de Espana នៅ Jeddah៕