Lampard ថា Chelsea នៅតែ​ពិបាក​ដណ្តើមយក Top 4 ទោះ​ឈ្នះ Norwich ១-០ ក្តី​

0
719

លោក Frank Lampard ជឿជាក់ថា វា​ពិតជា​លំបាក​ណាស់​សម្រាប់ Chelsea ក្នុងការ​ទទួលបាន​កៅអី​លេង​ក្នុង​ក្របខណ្ឌ Champions League រដូវ​កាល​ក្រោយ បើ​ទោះ​បច្ចុប្បន្ន​ក្រុម​លោក​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ ៣ ក្នុង​តារាង Premier League ក៏ដោយ​។ Lampard និយាយ​បែបនេះ​ក្រោយ​ក្រុម​តោ​ខៀវ​ទទួលបាន​ជ័យជម្នះ ១-០ លើ Norwich City នៅ​យប់​ថ្ងៃទី​១៤ ខែកក្កដា​។​

គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​នៅ​ចុង​ម៉ោង​ក្នុង​តង់​ទី​១ ដែល​សម្រេចបាន​ដោយ​ខ្សែប្រយុទ្ធ Olivier Giroud គឺ​គ្រប់គ្រាន់​ដើម្បី​ជួយ Chelsea ទទួលបាន​៣​ពិន្ទុ​បន្ថែ​មនា​ការប្រកួត​លី​គ​កំពូល​អង់គ្លេស​សប្តាហ៍​ទី​៣៦ នៅឯ​កីឡដ្ឋាន Stamford Bridge​។ ជ័យជម្នះ​លើ Norwich City ១-០ បាន​នាំ​ឲ្យ​ក្រុម​លោក Lampard រក្សា​ចំណាត់ថ្នាក់​ទី​៣​ដដែល ដោយមាន ៤ ពិន្ទុ​នាំមុខ​លើ​ក្រុម Leicester City និង Manchester United ដែល​ស្ថិតនៅ​លេខ ៤ និង​លេខ ៥ តែ​សល់​១​ប្រកួត​ក្នុង​ដៃ​រៀងៗ​ខ្លួន​។​

​បើ​ទោះ​រកបាន​៣​ពិន្ទុ​ពី​ជំនួប​នេះ ប៉ុន្តែ​ក្រុម​តោ​ខៀវ​នៅសល់​ភារកិច្ច​សំខាន់​ចំនួន​ពីរ​ប្រកួត​ទៀត ដោយ​ត្រូវ​ប៉ះ​ក្រុម​ខ្លាំង Liverpool និង Wolves ដើម្បី​បញ្ចប់​យុទ្ធនាកា​រលីគ​កំពូល​អង់គ្លេស​រដូវ​កាល​នេះ និង​ដើម្បី​ប្រាកដថា​ពួកគេ​អាច​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់ Top 4 ដែល​អាច​ទទួលបាន​កៅអី Champions League​។

ដោយសារតែ​ត្រូវ​ជួប​សុទ្ធតែ​ក្រុម​រឹងមាំ​បែបនេះហើយ ទើប​អ្នកចាត់ការ​ទូទៅ Chelsea ជឿជាក់ថា ក្រុម​របស់លោក នៅតែ​ប្រឈមមុខ​ខ្លាំង​ក្នុងការ​ដណ្តើមយក​កៅអី​ក្របខណ្ឌ​កំពូល​អឺរ៉ុប​នៅ​រដូវ​កាល​ក្រោយ​។​

​លោក Lampard បាន​រៀបរាប់​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​ចប់​ការប្រកួត​ថា​៖ «​តទល់​នឹង Liverpool និង Wolves គឺជា​គូប្រជែង​ដ៏​អស្ចារ្យ​។ យើង​ត្រូវ​ផ្តោតលើ​ការប្រកួត​ទាំងពីរ​នេះ​ម្តង​មួយៗ​ដោយ​រៀបចំ​ឲ្យ​ត្រឹមត្រូវ ហើយ​ខ្ញុំ​គិតថា​យើង​ធ្វើបាន​ល្អ​ពេល​តតល់​នឹង Norwich ប៉ុន្តែ​ប្រកួត​ទាំងពីរ​ចុងក្រោយ​នេះ​នឹងមិន​ងាយស្រួល​ឡើយ​»​។​

Lampard វ័យ​៤២​ឆ្នាំ បាន​ឡើង​ដឹកនាំ Chelsea នៅ​ពាក់កណ្តាល​រដូវ​កាល​មុន ដោយ​ជួយ​ក្រុម​ឈានដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ FA Cup និង​បាន​កៅអី Champions League រដូវ​កាល​នេះ​។ Chelsea នឹងត្រូវ​តតាំង​ជាមួយ Bayern Munich ក្នុងជំនួប​ជើង​ទី​២ វគ្គ ១៦ ក្រុម​ចុងក្រោយ​កៅអី Champions League ខណៈ​ពួកគេ​បាន​រង​បរាជ័យ ៣-០ កាលពី​ជើង​ទី ១៕