កាសែត Sunday Times បានរាយការណ៍ថា ការសម្រេចចិត្តអនុញ្ញាតឲ្យបន្តការប្រកួត Champions Leagueរវាងក្រុម Liverpoolនិងក្រុម Atletico Madrid អាចនឹងជាប់ពាក់ព័ន្ធនឹងការស្លាប់មនុស្ស៤១នាក់ ដោយសារជំងឺ COVID-19។
ក្រុមរបស់លោក Jurgen Klopp បានជួបជាមួយក្រុមអេស្ប៉ាញមួយនេះ នៅការប្រកួតជើងទី២ វគ្គ១៦ក្រុមចុងក្រោយ កាលពីថ្ងៃទី១១ ខែមីនា កន្លងទៅ នៅមុខក្រុមអ្នកគាំទ្រប្រហែល៥២.០០០នាក់ក្នុងនោះក្រុមអ្នកគាំទ្រភ្ញៀវប្រហែល៣ពាន់នាក់មកពីប្រទេសអេស្ប៉ាញ បានចូលរួមទស្សនាការប្រកួតមួយនេះ។
ការប្រកួតមួយនោះដែរ គឺជាការប្រកួតចុងក្រោយគេលេងនៅអង់គ្លេស មុនពេលការបិទប្រទេសដោយសារការរីករាលដាលឆ្លងនៃជំងឺ COVID-19 ។
យោងតាមសេចក្តីរាយការណ៍ពីកាសែត Sunday Times ដែលបានវិភាគលើទិន្នន័យសម្រាប់សេវាកម្មសុខភាពជាតិអង់គ្លេស បានប៉ាន់ស្មានថា ការប្រកួតមួយនេះ ជាប់ពាក់ព័ន្ធនឹងការស្លាប់មនុស្ស៤១នាក់បន្ថែមទៀត នៅក្នុងមន្ទីរពេទ្យបង្អែក នៅរយៈពេលចន្លោះពី២៥ថ្ងៃទៅ ៣៥ថ្ងៃបន្ទាប់។
មហាវិទ្យាល័យចក្រពត្តិក្រុងឡុងដ៍ និងសាកលវិទ្យាល័យអុកហ្វ័ដ បានប៉ាន់ស្មានថា ប្រទេសអេស្ប៉ាញ មានករណីឆ្លងជំងឺ COVID-19ប្រហែលជា៦៤ម៉ឺននាក់ នៅពេលនោះ ខណៈដែលអង់គ្លេសមានករណីឆ្លង១០ម៉ឺននាក់ ។
លោក Steve Rotheram ដែលជាអភិបាលក្រុង Liverpoolបាននិយាយប្រាប់ BBCថា បើសិនជាមនុស្សឆ្លងជំងឺ COVID-19ដោយសារតែព្រឹត្តការណ៍កីឡាមួយនេះ យើងមិនគួរឲ្យវាកើតឡើងនោះទេ វាពិតជារឿងអាស្រូវខ្លាំងណាស់៕