ដំណើរ​​ទៅ​រក​ជើង​ឯក​របស់​ហង្សក្រហម​ត្រូវ​បន្ត​រង់ចាំ​ ដោយសារ​តែ​ក្រុម​រួម​ក្រុង

0
809

ជំហាន​ដើរ​ទៅ​កាន់​វេទិកា ដើម្បី​លើក​ពាន​​នៃ​ក្របខ័ណ្ឌ Premier League របស់​ក្រុម​ហង្សក្រហម​ Liverpool ត្រូវ​បាន​អាក់​បន្តិច​ទៀត ក្រោយ​ក្រុម​កំពុង​មាន​ពិន្ទុ​នាំ​មុខ​ក្នុង​តារាង​មួយ​នេះ ប្រកួត​​ត្រឹម​ស្មើ​ ០-០ ជាមួយ​ក្រុម Everton ក្នុង​ជំនួប​​ Merseyside Derby (ការ​ប៉ះ​គ្នា​រវាង​ក្រុម​ក្នុង​ក្រុង​តែ​មួយ) កាល​ពី​យប់​ថ្ងៃ​អាទិត្យ ដែល​នេះ​ ជា​ការ​ត្រឡប់​មក​បន្ត​ការ​ប្រកួត​ប្រជែង​ឡើង​វិញ​លើក​ដំបូង ក្រោយ​ផ្អាក​សកម្មភាព​អស់​រយៈ​ពេល ៣ ​ខែ​។

ក្រុម​ដែល​មាន​លោក Jurgen Klopp ជា​គ្រូ​បង្វឹក ត្រូវ​បាន​គ្រប់​គ្នា​ដឹង​រួច​​ស្រេច​ហើយ​ថា ក្រោយ​ពី​មាន​ការ​វិល​មក​វិញ​កាល​ពី​យប់​ថ្ងៃ​ពុធ​នៃ​ក្របខ័ណ្ឌ​កំពូល​មួយ​នេះ ពួក​គេ​ចាំបាច់​ឈ្នះ​ត្រូវ​ការ​ជ័យ​ជម្នះ​តែ ២ ​ដង​ទៀត​ប៉ុណ្ណោះ ដើម្បី​ធានា​ឲ្យ​ពួក​គេ​ក្លាយ​ជា​ជើងឯក​លីក​លំដាប់​ទី ​១ ​របស់​ប្រទេស​អង់គ្លេស ​ជា​លើក​ដំបូង ក្នុង​រយៈពេល ៣០ ​ឆ្នាំ តែ​ក្រុម Liverpool មើល​ទៅ​ហាក់​ដូច​ជា​រាង​ធ្លាក់​ទម្រង់​លេង​បន្តិច សម្រាប់​ការ​ប្រកួត​ទី​១ ​​របស់​ខ្លួន ក្រោយ ​១០៦ ​​​ថ្ងៃ ចាប់​ពី​​មាន​ការ​បិទ​ទ្វារ​ប្រទេស ដើម្បី​ទប់ស្កាត់​ការ​រីក​រាល​ដាល​វីរុស​កូរ៉ូណា​មក។

តែ​ទោះបី​ជា​ខ្លួន​មិន​ទទួល​បាន​លទ្ធផល​​​វិជ្ជមាន នៅ​កីឡដ្ឋាន Goodison Park តាម​ដែល​ចង់​បាន​ក៏​ដោយ ក៏​ពេល​នេះ ក្រុម Liverpool មាន ២៣ ​ពិន្ទុ នាំ​មុខ​ដាច់​លើ​ក្រុម​លេខ ​២ មេឃ​ខៀវ Manchester City ហើយ​បើ​ក្រុម​របស់​លោក Pep Guardiola ប្រកួត​ចាញ់​ពេល​ប៉ះ​ជាមួយ Burnley នៅ​ផ្ទះ​ខ្លួន​ឯង បន្ទាប់​មក​ក្រុម​ហង្ស​ក្រហម អាច​យក​ឈ្នះ​ក្រុម Crystal Palace នៅ​ទឹក​ដី​​​ ​Anfield នោះ​ពួក​គេ​ក្លាយ​ជា​ជើង​ឯក​រដូវកាល​នេះ​ហើយ​។ ចុះ​បើ​លទ្ធផល​មិន​ដូច​គិត​ទុក អ៊ីចឹង​ត្រូវ​រង់​ចាំ​យ៉ាង​ហោច​ណាស់​ ពេល​ក្រុម​ទាំង ​២ ប្រឈម​ជាមួយ​​គ្នា នៅ​ឯ​​កីឡដ្ឋាន Etihad នា​ថ្ងៃ​ទី ​២ ខែ​កក្កដា ដែរ​។

លោក Klopp ដែល​ដឹក​នាំ Liverpool ឈ្នះ​តែ ២ ​ដង ក្នុង​ចំណោម ៧ ​លើក​ចុង​ក្រោយ​នៃ​គ្រប់​កម្មវិធី​ប្រកួត​ទាំង​អស់​បាន​និយាយ​ថា​៖ «​វា​ជា​ការ​ប្រកួត​យក​​ចាញ់​យក​ឈ្នះ​យ៉ាង​ពិត​ប្រាកដ។ ទាំង ​២ ក្រុម បង្ហាញ​​ឲ្យ​ឃើញ​ថា​ ពួក​គេ​ដឹង​យ៉ាង​ច្បាស់​នេះ​ជា​ជំនួប Derby​។ ​ភាគ​ច្រើន​ យើង​ជា​អ្នក​គ្រប​សង្កត់ តែ​ពួក​គេ​មាន​ឱកាស​ល្អ​ៗ​ជាង។ ក្រុម​របស់​យើង មិន​វាង​វៃ​គ្រប់គ្រាន់​ក្នុង​ការ​ប្រើប្រាស់​តំបន់​ដែល​មាន​ចន្លោះ​ទំនេរ​។ តែ​វា​ជា​រឿង​ធម្មតា នៅ​ពេល​អ្នក​ចាប់​ផ្ដើម​លេង​ជា​ថ្មី​ម្ដង​ទៀត​។ បាល់​ទាត់​ ហាក់​ដូច​ជា​ប្លែក​ជាង​មុន​បន្តិច (តាំង​ពី​មាន​វីរុស​កូរ៉ូណា) តែ​ខ្ញុំ​ទទួល​​យក​បាន​»​។

សម្រាប់​ប្រកួត​បើក​ឆាក​ដំបូង​របស់​ខ្លួន​នេះ ក្រុម Liverpool មិន​បាន​ដាក់​ខ្សែ​ប្រយុទ្ធ​ឆ្នើម​សញ្ជាតិ​អេហ្ស៊ីប Mohamed Salah ឲ្យ​ចូល​លេង​នោះ​ឡើយ ​ទោះបី​មាន​ឈ្មោះ​ជា​កីឡាករ​បម្រុង​ក៏​ដោយ ដោយសារ​បារម្ភ​ពី​ហានិ​ភ័យ​ដែល​នឹង​អាច​ធ្វើ​ឲ្យ​កីឡាករ​វ័យ​ ២៨​ ឆ្នាំ រង​របួស​​បើ​សិន​ប្រថុយ​ឲ្យ​ចូល​ទីលាន​ ខណៈ​ខ្សែ​ការពារ​ឆ្វេង​ដ៏​ឈ្លាស​វៃរបស់​ខ្លួន Andrew Robertson ក៏​អត់​មាន​វត្តមាន​ដែរ ព្រោះ​​​​មាន​របួស​៕