​គ្រូបង្វឹក​Liverpoolម្នាក់​ចង់​បំបែក​កំណត់​ត្រា​សំខាន់​មួយ​នៅ Premier League រដូវ​កាល​នេះ

0
675

ក្រុម​ហង្ស​ក្រហម Liverpool ត្រូវការ​ជ័យ​ជំនះ​តែ ២​ប្រកួត​ទៀត​ប៉ុណ្ណោះ ដើម្បី​ក្លាយជា​ម្ចាស់​ជើងឯក Premier League រដូវ​កាល ២០១៩-២០ ជា​លើក​ដំបូង​ក្នុង​រយៈពេល​៣០​ឆ្នាំ​របស់​ខ្លួន ប៉ុន្តែ​គ្រូបង្វឹក​លោក Jürgen Klopp ចង់​ឈ្នះ​ការ​ប្រកួត​ដែល​នៅ​សល់​ទាំងអស់ ដើម្បី​បំបែក​កំណត់​ត្រា​ពិន្ទុ ក្នុង​ប្រវត្តិសាស្ត្រ​ក្រប​ខណ្ឌ​កំពូល​អង់គ្លេស​មួយ​នេះ​។

ក្រុម​លោក Jürgen Klopp នៅ​មាន២៧​ពិន្ទុ​ពី​ការ​ប្រកួត​ចំនួន​៩​ទៀត ដែល​នៅ​សល់​សម្រាប់​លេង ដើម្បី​បញ្ចប់​រដូវ​កាល​នេះ ហើយ​គ្រូបង្វឹក​ជនជាតិ​អា​ល្លឺ​ម៉​ង់ ចង់​ឈ្នះ​ការ​ប្រកួត​ទាំង​៩ ដែល​ធ្វើ​ឱ្យ​ក្រុម​របស់​លោក​មាន​ពិន្ទុសរុប ១០៩​ពិន្ទុ (​ពេល​បញ្ចប់​លី​គ​) ដើម្បី​បំបែក​កំណត់​ត្រា​ពិន្ទុ​ច្រើន​បំផុត​មួយ​រដូវ​កាល ក្នុង​ប្រវត្តិសាស្ត្រ Premier League របស់​ក្រុម Manchester City ដែល​ធ្វើ​បាន ១០០​ពិន្ទុ​កាលពី​រដូវ​កាល ២០១៧-១៨ ។

លោក Jürgen Klopp បាន​ថ្លែងប្រាប់​គេហទំព័រ BBC Sport ថា «​វា​ពិតជា​ល្អ​ណាស់​ដែល​គិត​អំពី​វា ប៉ុន្តែ​យើង​មិន​ទាន់​ក្លាយជា​ម្ចាស់​ជើងឯក​នៅឡើយ​ទេ​។ យើង​នៅ​សល់ ២៧ ពិន្ទុ​ទៀត ហើយ​យើង​នឹង​ព្យាយាម​ធ្វើ​អ្វី​ៗ​ទាំងអស់​ដើម្បី​យក​វា​ឱ្យ​បាន​។ យើង​ត្រូវ​តែ​ឈ្នះ​ពួក​គេ​ទាំងអស់​។ យើង​មិន​ចង់​បញ្ឈប់​ការ​ឈ្នះ បន្ទាប់​ពី​នៅ​សល់​ពីរ​ប្រកួត​ទៀត​នោះ​ទេ​។ ដូច្នេះ​ពួក​យើង​ត្រូវ​ធ្វើការ​ខ្លាំង​បន្ថែម​»​។

ងាក​មក​កាន់​តារាង​ពិន្ទុ​ក្រប​ខណ្ឌ Premier League បច្ចុប្បន្ន​ក្រុម Liverpool កំពុង​ឈរ​តំណែង​កំពូល ដោយ​នាំមុខ ២៥​ពិន្ទុ​ពី​ក្រុម Manchester City ដែល​មាន ៥៧​ពិន្ទុ​។

សូម​បញ្ជាក់​ជូន​ថា ការ​ប្រកួតប្រជែង​ក្រប​ខណ្ឌ Premier League នឹង​ចាប់ផ្តើម​ឡើង​វិញ​នៅ​ថ្ងៃ​ទី ១៧ ខែ មិថុនា ឆ្នាំ ២០២០ បន្ទាប់​ពី​ត្រូវ​បាន​ផ្អាក​ទាំងស្រុង​កាលពី​ខែមីនា ដោយសារ​តែ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូ​វី​ដ​-១៩ ក្នុង​ប្រទេស​អង់គ្លេស​៕