Newcastle ចូលប្រជែង Man UTD និង R.Madrid តាមទិញកីឡាករជួរមុខ Donny van de Beek

0
676

Newcastle United កំពុងតែដំណើរការក្នុងការចុះហត្ថលេខានាំយកខ្សែបម្រើឆ្នើមរបស់ Ajax កីឡាករ Donny van de Beek នេះបើតាមសេចក្ដីរាយការណ៍។

ក្លិបរហស្សនាម សារិកាព្រៃ ខិតជិតក្នុងការផ្លាស់ប្ដូរម្ចាស់ថ្មី  ដោយមហាសេដ្ឋីអារ៉ាប់ ព្រះអង្គម្ចាស់ Bin Salman កំពុងតែត្រៀមចំណាយលុយ ៣០០លានផោន ទិញក្លិបមួយនេះពីម្ចាស់បច្ចុប្បន្នលោក Mike Ashley។

ម្ចាស់ក្លិបថ្មី គ្រោងបើកការវិនិយោគទ្រង់ទ្រាយធំ នៅពេលឈានដល់ការព្រមព្រៀងផ្លូវការ ដោយនាំយកកីឡាករល្បីៗ ដែលមានសមត្ថភាពខ្ពស់មកលេងនៅកីឡដ្ឋាន St James’ Park ហើយក្នុងនោះ Van de Beek ក៏ជាគោលដៅសំខាន់មួយផងដែរ។

កីឡាករជម្រើសជាតិហូឡង់ បានស្ថិតនៅក្នុងរ៉ាដារបស់ Real Madrid និង Manchester United ជាយូរមកហើយ ប៉ុន្តែបើតាម Le 10 Sport បានឲ្យដឹងថា Newcastle មិនខ្វល់ពីបញ្ហានេះទេ ហើយគ្រោងនឹងដាក់សំណើទៅកាន់ Ajax។

ពាក់ព័ន្ធនឹង Real Madrid ធ្លាប់មានព័ត៌មានក្រៅផ្លូវការបានលេចឭថា Van de Beek បានយល់ព្រមលក្ខខណ្ឌជាមួយក្លិបយក្សអេស្ប៉ាញហើយ ប៉ុន្តែភ្នាក់ងារផ្ទាល់របស់កីឡាករបានចេញមុខនិយាយកាលពីដើមខែនេះថា ដោយសារជំងឺកូវីដ១៩កំពុងតែរាតត្បាត ដូច្នេះអនាគតរបស់កីឡាករនៅមិនទាន់បញ្ជាក់ច្បាស់នៅឡើយ។

ក្រោយជួយឲ្យ Ajax ឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព័្រត្រ Champions League រដូវកាលមុន នៅរដូវកាលនេះ​ Van de Beek ក៏រកបានគ្រាប់បាល់៨គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានសម្រេច៥លើកផងដែរ ក្នុងក្របខណ្ឌ Eredivise៕