Man City ត្រៀមជះលុយ៥៤លាន ទិញយករនាំងការពារឆ្នើម Hakimi

0
560

យោងតាមការចុះផ្សាយរបស់កាសែតអេស្ប៉ាញ AS បានឲ្យដឹងថា ក្លិបមេឃខៀវ Manchester City បានត្រៀមរួចរាល់ក្នុងការដាក់សំណើ ផ្ទេរយក ខ្សែការពារក្រុមអធិរាជស Real Madrid កីឡាករ Achraf Hakimi។

Hakimi បានបង្ហាញទម្រង់យ៉ាងលេចធ្លោ កំឡុងពេលលេងឲ្យក្រុម Borussia Dortmund ក្នុងកិច្ចសន្យាខ្ចីជើងរយៈពេល២រដូវកាលចុងក្រោយនេះ ខណៈក្លិប Chelsea និង Arsenal ជាក្លិបដែលមានគំនិតចង់បានរូបគេទៅក្រុម។

យ៉ាងណាមិញ ក្លិប Man City ត្រូវបានគេរាយការណ៍មកថា ក៏មានចំណាបអារម្មណ៍ ចង់បាន Hakimi នៅទីផ្សាររដូវក្ដៅនេះផងដែរ។ ជាក់ស្ដែងកាសែត​ AS បានបញ្ជាក់ថា ក្លិបជើងឯក Premier League រដូវកាលមុន បានធ្វើការពិភាក្សាជាមួយ Real Madrid រួចរាល់ហើយ ដោយពួកគេបានត្រៀមរួចជាស្រេច ក្នុងការចំណាយប្រាក់ ៥៤លានផោន (ឬប្រមាណ ៦៧លានដុល្លារ) សម្រាប់តម្លៃខ្លួន ខ្សែការពារស្លាបស្ដាំវ័យ២១ឆ្នាំរូបនេះ។

ម៉្យាងវិញទៀត Man City ទំនងត្រូវប្រឈមជាមួយ Dortmund ក្នុងការប្រជែងយក Hakimi ដោយក្លិបគីឡូធ្ងន់នៅអាល្លឺម៉ង់មួយនេះ ក៏មានបំណងចង់ខ្ចីជើងរនាំងការពារជម្រើសជាតិម៉ារ៉ុក ពី Real Madrid មួយរដូវកាលទៀតផងដែរ។

គួរឲ្យដឹងដែរថា រយៈពេល២ឆ្នាំនៅទឹកដីអាល្លឺម៉ង់ Hakimi ចូលលេងបាន៧១ប្រកួត ក្នុងនោះគេរកគ្រាប់បាល់ឲ្យក្រុមបានចំនួន១២គ្រាប់៕