Man City នឹងចំណាយប្រាក់ចំនួន ១៥០លានអឺរ៉ូ ដើម្បីទិញកីឡាករនៅរដូវក្ដៅនេះ

0
684

គ្រូបង្វឹក Pep Guardiola ត្រូវបានផ្តល់ប្រាក់ចំនួន ១៥០ លានអឺរ៉ូ ដើម្បីពង្រឹងក្រុមនៅក្នុងទីផ្សារដោះដូរកីឡាករនារដូវក្តៅនេះ បន្ទាប់ពីក្រុម Man City បានរួចផុតពីការហាមឃាត់ចូលរួមក្នុងព្រឹត្តិការណ៍ពានរង្វាន់អ៊ឺរ៉ុប។

នារសៀលថ្ងៃទី ១៣ ខែកក្កដា (ម៉ោងនៅកម្ពុជា) តុលាការអាជ្ញាកណ្តាលកីឡា (CAS) បានបញ្ជាក់ថា Man City មានសិទ្ធិទទួលបានការចូលរួមក្នុងពានរង្វាន់ Champions League នៅរដូវកាលក្រោយដោយមិនចាំបាច់ទទួលបានការហាមឃាត់រយៈពេល ២ រដូវកាលដូចដែលសហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) ប្រកាសនោះទេ។ ក្រុមម្ចាស់ផ្ទះ Etihad ត្រូវបង់ប្រាក់ពិន័យចំនួន ៩ លានផោនជំនួសឱ្យប្រាក់ចំនួន ២៧ លានផោនដើម។

នេះមានន័យថាគ្រូបង្វឹក Pep Guardiola ត្រូវបានអនុញ្ញាតឱ្យវិនិយោគយ៉ាងខ្លាំងនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅបន្ទាប់ពីលក់ Leroy Sane ទៅឱ្យក្រុម Bayern Munich ។ យោងទៅតាមសារព័ត៌មាន The Guardian បានអោយដឹងថាអ្នកជំនាញយុទ្ធសាស្ត្រសញ្ជាតិអេស្បាញកំពុងផ្តល់អាទិភាពដល់ការធ្វើឱ្យប្រសើរឡើងនូវតំបន់ការពារ ដែលមានទីតាំងនៅកណ្តាល និងផ្នែកខាងឆ្វេង។ ក្រៅពីនេះអតីតប្រធានក្រុម Barca ក៏ចង់ស្វែងរកអ្នកជំនួស Sergio Aguero នាពេលអនាគតផងដែរ។

ប្រាក់ពិន័យដែលបានកាត់បន្ថយ បានជួយឱ្យ Man City មានប្រាក់បន្ថែមចំនួន ១៨ លានផោនសម្រាប់ចំណាយនៅរដូវក្តៅនេះ។ កីឡាករ David Alaba ដែលអាចលេងខ្សែការពារស្លាបឆ្វេង និងខ្សែការពារកណ្តាលគឺជាគោលដៅទី ១ របស់ Pep Guardiola ។ គាត់ក៏បានកំណត់គោលដៅ Kalidou Koulibaly ដែលជាកីឡាកររបស់ Napoli ដែលត្រូវបានក្រុមអង់គ្លេសជាច្រើនដេញតាមកាលពីរដូវកាលថ្មីៗនេះ។

សេចក្តីសម្រេចរបស់ CAS បានបញ្ជាក់ពីអនាគតរបស់ Kevin de Bruyne នៅឯកីឡដ្ឋាន Etihad ។ ខ្សែបម្រើសញ្ជាតិបែលហ្ស៊ិករូបនេះនឹងបន្តនៅយ៉ាងហោចណាស់រហូតដល់កិច្ចសន្យារបស់គាត់ផុតកំណត់នៅឆ្នាំ ២០២៣។ កាលពីមុនអតីតកីឡាកររបស់ក្រុមតោខៀវរូបនេះបាននិយាយថាគាត់នឹងពិចារណាចាកចេញពី Man City ប្រសិនបើការហាមឃាត់មិនអោយលេងបាល់ទាត់នៅអឺរ៉ុប។

សសរស្តម្ភជាច្រើនទៀតរបស់ក្លឹបដូចជា Ederson Moraes, Kyle Walker, Bernardo Silva, Aymeric Laporte ក៏មិនមានចេតនាចែកផ្លូវគ្នាជាមួយ Manchester ដែរ។ ក្នុងក្របខ័ណ្ឌ Champions League ឆ្នាំនេះ  គ្រូបង្វឹកលោក Pep Guardiola និងក្រុម បាននាំមុខ ២-១ មុន Real Madrid បន្ទាប់ពីការប្រកួតជើងទី ១ វគ្គ ១៦ ក្រុមចុងក្រោយ។ ប្រសិនបើពួកគេឈានដល់វគ្គបន្តពួកគេនឹងត្រូវជួបក្រុម Juventus ឬ Olympique Lyon ៕