Man UTD រៀបចំសំណើទិញ ខ្សែការពារកំឡុងឡើងកូដម្នាក់ តាមយោបល់ Giggs

0
566

Manchester United ត្រូវបានរាយការណ៍មកថា គ្រោងនឹងដាក់សំណើទៅកាន់ក្លិប Swansea City ដើម្បីទិញយកកីឡាករខ្សែការពារកណ្ដាល​ Joe Rodon ក្នុងតម្លៃខ្លួន ២០លានផោន។

កីឡាករវ័យ២២ឆ្នាំ បង្ហាញខ្លួនក្នុងក្របខណ្ឌទីពីរ Championship បានចំនួន២១ប្រកួត នៅរដូវកាល ២០១៩-២០២០ នេះ។ បើតាមប្រភពព័ត៌មានបានឲ្យដឹងថា Swansea រំពឺងថារនាំងការពាររបស់ខ្លួន នឹងត្រូវផ្លាស់ទៅលេងនៅក្របខណ្ឌ Premier League នៅកំឡុងទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះ។

បិសាចក្រហម Manchester United មានព័ត៌ជុំវិញការផ្ទេរកីឡាករជម្រើសជាតិវេលនៅប៉ុន្មានថ្ងៃចុងក្រោយនេះ ហើយបើតាម The Mirror ក្លិបជើងឯកអង់គ្លេស២០សម័យកាល កំពុងតែរៀបចំសំណើ ដែលមានកញ្ចប់ថវិកាចំនួន ២០លានផោន។

សេចក្ដីរាយការណ៍បានឲ្យដឹងថា អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិវេល លោក Ryan Giggs ជាអ្នកណែនាំ Rodon ទៅឲ្យអតីតក្លិបរបស់លោក ហើយ Man UTD ហាក់មានភាគរយខ្ពស់ជាងគេក្នុងការនាំយក Rodon មកលេងនៅ Old Trafford បើទោះបីជាគេស្ថិតក្នុងរ៉ាដារបស់ Man City ក៏ដោយ។

ក្រុមរបស់លោក Ole Gunnar Solskjaer កំពុងតែស្វះស្វែងក្នុងការទិញយកខ្សែការពារកណ្ដាលម្នាក់នៅកំឡុងទីផ្សារលើកនេះ ដើម្បីទុកមកប្រកួតប្រជែងតំណែងលេងជាមួយ Victor Lindelof។

គួរឲ្យដឹងដែរថា កិច្ចសន្យារបស់យុវជនវ័យក្មេងកំពុងឡើងកូដ Joe Rodon និងក្លិប Swansea City នឹងផុតសុពលភាពនៅដំណាច់រដូវកាលក្រោយមួយទៀត ២០២១-២០២២។