Man UTD រៀបគម្រោងឆ្មក់យក Sterling ជាកូនក្រុមរបស់លោក Pep

0
594

យោងតាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា ក្លិបបិសាចក្រហម Manchester United មានគម្រោងឆ្មក់យកខ្សែប្រយុទ្ធ Raheem Sterling ប្រសិនបើក្លិប Manchester City មិនអាចរួចផុតពីការដាក់ពិន័យរបស់ UEFA។

កាលពីខែកុម្ភៈកន្លងទៅ ក្លិបរហស្សនាមមេឃខៀវ ត្រូវបានសមាគមបាល់ទាត់អឺរ៉ុប ហៅកាត់ថា UEFA សម្រេចព្យួរឈ្មោះ បិទមិនឲ្យចូលប្រកួតក្នុងព្រឹត្តការណ៍បាល់ទាត់អឺរ៉ុបចំនួន២ឆ្នាំ (២០២០/២១ និង ២០២១/២២) រួមមាន ពានរង្វាន់ Champions League, Europa League ឬ UEFA Super Cup ជាដើម បន្ទាប់ពីប្រព្រឹត្តល្មើសនឹងច្បាប់ Financial Fair Play (FFP) ដែលជាច្បាប់ “តុល្យភាព​ហិរញ្ញ​វត្ថុ”។

យ៉ាងណាមិញ ចំពោះករណីខាងលើ Man City នឹងធ្វើការប្ដឹងឧទ្ធរណ៍ ទៅកាន់តុលាការ អាជ្ញាកណ្តាលកីឡា រយៈពេល៣ថ្ងៃ នៅសប្ដាហ៍ក្រោយនេះ ពោលចាប់តាំងពីថ្ងៃទី៨ ខែមិថុនាខាងមុខនេះ តទៅ។

ជាមួយគ្នានេះ ប្រសិនបើការប្ដឹងឧទ្ធរណ៍របស់ពួកគេបរាជ័យ ហើយបម្រាមមិនឲ្យចូលប្រកួតក្របខណ្ឌ Champions League រយៈពេល២រដូវកាល ត្រូវបានអនុម័ត នោះក្លិបជើងឯក Premier League រដូវកាលមុនមួយនេះ នឹងប្រឈមមុខនឹងបាត់បង់កីឡាករឆ្នើមៗរបស់ខ្លួនមួយចំនួន។

ជាកស្ដែង Sterling ត្រូវបានគេរាយការណ៍មកថា ជាកីឡាករម្នាក់ ក្នុងចំណោមកីឡាករ ដទៃទៀត ដែលអាចនឹងចាកចេញ ខណៈកាលពីពេលកន្លងទៅ រូបគេធ្លាប់មានព័ត៌មានពាក់ព័ន្ធទៅនឹងការផ្លាស់ទៅចូលរួមជាមួយ Real Madrid ប្រសិនបើ Man City ជាប់បម្រាមមិនអាចចូលលេង Champions League ។

ទន្ទឹមនឹងនេះ របាយការណ៍របស់កាសែត Independent បានបញ្ជាក់ថា ក្លិបបិសាចក្រហម ក៏កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើស្ថានភាពរបស់ Sterling ជាមួយនឹង Man City ផងដែរ ហើយប្រសិនបើក្លិបមេឃខៀវ មិនអាចតវ៉ាក្ដីឈ្នះ នោះ Man UTD នឹងរៀបចំសំណើឆ្មក់យក ខ្សែប្រយុទ្ធវ័យ២៥ឆ្នាំ ចេញពីកីឡដ្ឋាន Etihad៕