Man Utd ចង់បានគោលដៅរបស់ Liverpool ម្នាក់នេះដែរហើយ

0
613

ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍មកថាកំពុងតែសម្លឹងឃើញគោលដៅរបស់ក្លិប Liverpool កីឡាករ Thiago Alcantara ដែលកំពុងតែត្រៀមចាកចេញពីក្លិប Bayern Munich ។

ជាក់ស្តែងនៅប៉ុន្មានថ្ងៃចុងក្រោយនេះមានព័ត៌មានលេចឮជាច្រើនថាកីឡាករអ្នកនាំលេងរូបនេះគឺជាគោលដៅដ៏សំខាន់មួយដែលក្លិបហង្សក្រហម Liverpool​ កំពុងតែតាមប្រមាញ់យ៉ាងស្អិតដើម្បីយកមកជួយក្រុមនៅរដូវកាលក្រោយ។ Thiago នៅសល់កុងត្រាមួយរដូវកាលទៀតជាមួយ Bayern Munich ប៉ុន្តែបើតាមរបាយការណ៍បានឲ្យដឹងថារូបគេអាចនឹងចាកចេញពីក្លិបនៅទីផ្សាដោះដូរកីឡាករខាងមុខនេះ។

ដោយឡែកមានសេចក្ដីរាយការណ៍ថា Man Utd ក៏កំពុងតែចង់បានកីឡាករវ័យ២៩ឆ្នាំរូបនេះទៅរួមក្រុមផងដែរ។ បើទោះបីជាមានកីឡាករ Bruno Fernandes និង​ Pogba ជាតួសំខាន់នៅតំបន់កណ្តាលហើយក៏ដោយ ប៉ុន្តែលោក Solskjaer កំពុងតែចង់បានខ្សែបម្រើឆ្នើមមួយរូបទៀតដើម្បីមកជួយក្លិប។

យ៉ាងណាមិញក្លិប Bayern Munich ទំនងអាចលក់ Thiago ក្នុងតម្លៃខ្លួនប្រមាណ៣០លានផោន (ឬ៣៧លានដុល្លារ) ក្នុងនោះដែររូបគេបានជួយឲ្យ Bayern Munich ឈ្នះពាន Bundesliga ចំនួន៧លើកតាំងពីផ្លាស់ពី Barcelona នៅឆ្នាំ២០១៣៕