Marcelo លុត​ជង្គង់ ខណៈ​អធិរាជស​វិល​មក​កាន់​ទីលាន​វិញ​ជាមួយ​នឹង​ជ័យ​ជម្នះ

0
759

ខ្សែ​ការពារ Marcelo ធ្វើ​ការ​អបអរ​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ដោយ​ការ​លុត​​ជង្គង់​ម្ខាង ខណៈ​ក្រុម​អធិរាជ​ស​​ Real Madrid បាន​ត្រឡប់​មក​កាន់​ទីលាន ដែល​ខាន​ជាន់​អស់​រយៈពេល ​៣ ​ខែ ក្រោយ​ត្រូវ​បាន​ផ្អាក​ដោយសារ​វីរុស​កូរ៉ូណា ហើយ​ការ​វិល​វិញ​នេះ ទទួល​បាន​លទ្ធផល​ជាទី​គាប់​ចិត្ត ​ជាមួយ​នឹង​ជ័យ​ជម្នះ​លើ​ក្រុម Eibar ៣-១ ក្នុង​ការ​ប្រកួត​កាល​ពី​ថ្ងៃ​អាទិត្យ​។​​

ការ​កត់​សម្គាល់​ក្នុង​ការ​ប្រកួត​នេះ គឺ​ថា ក្រោយ​ស៊ុត​បញ្ចូល​ទី​គ្រាប់​ទី ​៣ ​ឲ្យ​ក្រុម​ Real នៅ​នាទីទី ​៣៧ កីឡាករ​ប្រេស៊ីល Marcelo បាន​ទម្លាក់​ជង្គង់​ឆ្វេង​របស់​ខ្លួន​ទៅ​លើ​ដី ហើយ​ក្ដាប់​​ដៃ​ស្ដាំ​លើក​ទៅ​លើ​មេឃ ដែល​មើល​ទៅ​ហាក់​សម្ដែង​ការ​គាំទ្រ​ដល់​ចលនា​តវ៉ា​ឈ្មោះ​ «Black Lives Matter​»​។

ការ​ឈ្នះ​របស់​ក្រុម​អធិ​រាជស​នេះ មិន​ត្រឹម​តែ​កាត់​បន្ថយ​ពិន្ទុ​នាំ​មុខ​ពី ​៥ ពិន្ទុ មក ២ ​ពិន្ទុ​របស់​ក្រុម​កំពូល​តារាង​អ្នក​មាន​បុណ្យ​​ Barcelona ដែល​បំបាក់​ក្រុម Real Mallorca ៤-០ ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​បង្ហាញ​ថា ការ​ប្រជែង​​ដណ្ដើម​ពាន​រង្វាន់​ក្របខ័ណ្ឌ La Liga រដូវ​កាល​នេះ នឹង​មិន​ធ្លាក់​ទៅ​លើ​ក្រុម​ណា​ងាយៗ​ឡើយ។​​​

៣ គ្រាប់​របស់​ក្រុម​ម្ចាស់​ផ្ទះ Real ធ្វើ​បាន​សម្រេច​ដោយ​កីឡាករ ៣ ​រូប​ផ្សេង​គ្នា ខណៈ​គ្រាប់​ដំបូង កើត​ឡើង ក្រោយ​ការ​ប្រកួត​ដំណើរ​ការ​ទៅ​ត្រឹម​តែ ​៤ ​នាទី​ប៉ុណ្ណោះ ដោយ​ការ​ស៊ុត​​របស់​ខ្សែ​បម្រើ​សញ្ជាតិ​អាល្លឺម៉ង់ Toni Kroos ហើយ​គ្រាប់​ទី ​២ បាន​មក​ពី​ការ​ប៉ែងបាល់​​ស្រួលៗ​របស់​​ប្រធាន​ក្រុម គឺ​ខ្សែ​ការពារ Sergio Ramos នៅ​នាទី​ទី ៣០ ដែល​ជា​ការ​បញ្ចូន​បាល់​ពី​ខ្សែ​បម្រើ​​ Eden Hazard រីឯ​គ្រាប់​ទី ​៣ ជា​របស់​កីឡាករ Marcelo។ ១ គ្រាប់​របស់​ក្រុម​ Eibar ធ្វើ​បាន​សម្រេច​ដោយ​កីឡាករ Pedro Bigas នាទីទី ​៦០​។

គ្រូ​បង្វឹក​របស់​ Real លោក Zinedine Zidane ​សម្ដែង​អារម្មណ៍​រីករាយ​ចំពោះ​ការ​ចាប់​ផ្ដើម​ជាមួយ​នឹង​លទ្ធផល​​វិជ្ជមាន​នេះ ជា​ពិសេស​ជាមួយ​​បរិយាកាស​​​​ប្លែក​ទាំង​ការ​គ្មាន​អ្នក​គាំទ្រ​ចូល​ និង​ការ​មក​លេង​នៅ​ទីលាន​ថ្មី។ ក្រុម​អធិរាជស នឹង​លេង​ការ​ប្រកួត​ក្នុង​ទឹក​ដី​​ដែល​នៅ​សល់​នា​កីឡដ្ឋាន​ lfredo di Stefano ជំនួស​​ឲ្យ​កីឡដ្ឋាន​​ Santiago Bernabeu ដែល​កំពុង​ត្រូវ​បាន​ជួសជុល​កែ​លម្អ​នៅ​រដូវ​ក្ដៅ​នេះ​។

គ្រូ​បង្វឹក​សញ្ជាតិ​បារាំង​រូប​នេះ​​បាន​និយាយ​ថា​៖ «​យើង​ដឹង​ថា ស្ថានភាព​ពេល​នេះ រាង​ប្លែក​បន្តិច​ ប៉ុន្តែ​កីឡាករ​ទាំង​អស់ គឺ​ជា​កីឡាករ​អាជីព ដូច្នេះ​យើង​ត្រូវ​តែ​ដឹង​នូវ​បញ្ហា​ប្រឈម​ទាំង​នេះ​ ហើយ​យើង​ត្រូវ​តែ​សម្រប​ខ្លួន​ជាមួយ​នឹង​ស្ថានការណ៍​បែប​នេះ​ឲ្យ​បាន​»​។

ពាក់ព័ន្ធ​នឹង​ការ​ប្រកួត​លោក​ Zidane វ័យ ៤៧ ​ឆ្នាំ បាន​ឲ្យ​ដឹង​ថា​៖ «យើង​ចាប់​ផ្ដើម​បាន​ល្អ នៅ​វគ្គ​ទី​ ១ តែ​តង់​ទី​ ២ ហាក់​ដូច​ជា​មិន​សូវ​ប្រសើរ​ឡើយ​។ ខ្ញុំ​មិន​គិត​ថា កីឡាករ​របស់​យើង​មាន​ការ​ខ្សោយ​រាង​កាយ​ឡើយ ព្រោះ​ពួក​យើង​ត្រៀម​ខ្លួន​បាន​យ៉ាង​ល្អ។ វា​​មាន​បញ្ហា​តិចតួច​ប៉ុណ្ណោះ​។ តែ​មិន​អី​ទេ យើង​គ្រប​សង្កត់​វគ្គ​ដំបូង នេះ​ជា​រឿង​សំខាន់​ក្នុង​ការ​យក​ជ័យជម្នះ​»​៕