កីឡាករ Man UTD ម្នាក់សុំអង្វរក្លិប កុំឲ្យនាំយករូបគេត្រឡប់មកវ

0
708

កីឡាករខ្សែការពារ Marcos Rojo បានបង្ហាញចេតនារបស់ខ្លួនសុំបិសាចក្រហម Manchester United បន្តកិច្ចសន្យាខ្ចីជើងឲ្យគេលេងនៅក្នុងប្រទេសអាហ្សង់ទីនជាបន្តទៀត។

ខ្សែការពារជម្រើសជាតិអាហ្សង់ទីនបានត្រឡប់ទៅចូលរួមជាមួយក្លិបកាលពីកុមារភាពរបស់គេ Estudiantes កាលពីទីផ្សារខែមករា ជាមួយនឹងកិច្ចសន្យាខ្ចីជើងរយៈពេលកន្លះរដូវកាល ដោយ Rojo គ្រោងនឹងត្រឡប់មកកាន់កីឡដ្ឋាន Old Trafford វិញនៅទីផ្សាររដូវក្ដៅ។

យ៉ាងណាមិញ បញ្ហារបួសបានធ្វើឲ្យ Rojo ចូលលេងបានតែមួយប្រកួតប៉ុណ្ណោះនៅលីគកំពូលរបស់អាហ្សង់ទីន មុនពេលការប្រកួតត្រូវបានផ្អាកដោយសារការរាតត្បាតនៃជំងឺកូវីដ១៩។

ជាមួយគ្នានេះ អតីតកីឡាកររបស់ Sporting សង្ឃឹមថាគ្រូបង្វឹក Man UTD លោក Ole Gunnar Solskjaer នឹងអនុញ្ញាតឲ្យគេនៅបន្តលេងជាមួយ Estudiantes ទៅមុខទៀត។

ថ្លែងនៅក្នុងកម្មវិធីវិទ្យុក្នុងស្រុកមួយ កីឡាករវ័យ៣០ឆ្នាំ Rojo បាននិយាយយ៉ាងដូច្នេះថា៖

“បើសិនជាសម្រេចលើខ្ញុំ ខ្ញុំនឹងទៅនិយាយជាមួយថ្នាក់ដឹកនាំ Manchester United ទាក់ទិនទៅនឹងការយល់ព្រមឲ្យខ្ញុំនៅទីនេះ៦ខែទៀត។ ខ្ញុំអាចនឹងមានអារម្មណ៍ឈឺចាប់ខ្លាំង បើសិនជាខ្ញុំត្រូវចាកចេញដោយចូលលេងបានតែប៉ុន្មានប្រកួត។ ខ្ញុំត្រឡប់មកដូចដើមហើយពេលនេះ និងអាចចូលលេងបាន។”

គួរឲ្យដឹងដែរថា មុនចាកចេញពីទឹកដីអង់គ្លេស រយៈពេលកន្លះរដូវកាល Rojo ចូលលេងក្នុងការប្រកួតឲ្យ Man UTD បានត្រឹមតែ៣លើកប៉ុណ្ណោះ៕