Martinez យល់​ព្រម​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​ជាមួយ Barca នៅ​ឡើយ​និយាយ​ថ្លៃ​ជាមួយ Inter

0
532

ខ្សែ​ប្រយុទ្ធ Lautaro Martinez ត្រូវ​បាន​គេ​ដឹង​ថា បាន​​យល់​ព្រម​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​ជាមួយ​ក្លឹប Barcelona ហើយ​ទទួល​បាន​ថ្លៃ​នឿយហត់​​ជាង​២០​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍។

យ៉ាងណា​ Inter Milan នឹង​មិន​អនុញ្ញាត​ឲ្យ​គេ​ទៅ​ឡើយ ​ប្រសិន​បើ​តម្លៃ​ខ្លួន​នៅ​ក្រោម​៩៨​លាន​ផោន​ដែល​ជា​តម្លៃ​ទិញ​ផ្ដាច់​កុងត្រា។ កីឡាករ​សញ្ជាតិ​អាហ្សង់ទីន​ត្រូវ​បាន​ទាក់ទង​​ខ្លាំង​ក្នុង​ការ​ផ្លាស់​ទៅ​កីឡដ្ឋាន Nou Camp នៅ​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ហើយ​​ក៏​បាន​ប្រាប់​ Inter ដែល​ថា គេ​ចង់​ចូលរួម​ជាមួយ Barca​ នៅ​រដូវ​ក្ដៅ​នេះ។

ការ​សម្លឹង​ឃើញ Martinez សម្រាប់ Barcelona គឺ​ចង់​យក​មក​ជំនួស​​កន្លែង Luis Suarez។ ប៉ុន្តែ​​នាយក​ផ្នែក​កីឡា​របស់​ក្លឹប Inter លោក Piero Ausilio បាន​ប្រាប់​ថា Martinez នឹង​លក់ ប្រសិន​បើ​បាន​តម្លៃ​ខ្លួន​៩៨​លាន​ផោន។

ខណៈ Barca មិន​ទាន់​សម្រេច​ជោគជ័យ​​ក្នុង​ការ​ចរចា​តម្លៃ​ខ្លួន​ជាមួយ Inter តែ​ពួក​គេ​​បាន​ឈាន​​ដល់​ការ​យល់​ព្រម​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​ជាមួយ​កីឡាករ​បាត់​ទៅ​ហើយ។ តាម​ការ​ឲ្យ​ដឹង Martinez បាន​យល់​ព្រម​សំណើ​​កុងត្រា​រយយៈពេល​៥​ឆ្នាំ ជាមួយ​ទឹក​ប្រាក់​១០,៥​លាន​ផោន​ក្នុង​មួយ​ឆ្នាំ បូក​ជាមួយ​ប្រាក់​លើក​ទឹក​ចិត្ត​ផ្សេង​ៗ​ទៀត៕