Mbappe បន្តអវត្តមានជួយ Real តទល់ Salzburg ប៉ុន្តែនឹងបង្ហាញខ្លួននៅវគ្គ ១៦ក្រុម FIFA-CWC

21

Kylian Mbappe នឹងបន្តបាត់មុខពីក្រុម Real Madrid ក្នុងការប្រកួតវគ្គចែកពូល H ​ចុងក្រោយទល់នឹងក្រុម FC Salzburg ក្នុងព្រឹត្តិការណ៍ Club World Cup ខណៈគេកំពុងតែសម្រាកព្យាបាលជំងឺ។ ខ្សែប្រយុទ្ធបារាំង វ័យ ២៦ឆ្នាំ នឹងអាចបង្ហាញខ្លួនវិញវគ្គជម្រុះ ១៦ក្រុមចុងក្រោយ។​ នេះបើតាមការអះអាងរបស់លោក Xabi Alonso អ្នកចាត់ការក្រុម Real Madrid។

ពេលថ្មីៗនេះ Mbappe បានវិលចូលហ្វឹកហាត់ជាមួយ Real Madrid ឡើងវិញ បន្ទាប់ពីគេមានបញ្ហាជំងឺក្រពះ។ អ្នកចាត់ការថ្មី លោក Alonso ក៏ចេញមុខអះអាង ថាលោកសម្រេចចិត្តឱ្យខ្សែប្រយុទ្ធវ័យ ២៦ឆ្នាំ សម្រាក ១ប្រកួត បន្ថែមទៀត ដើម្បីផ្តល់ឱកាសដល់គេអាចជាសះស្បើយពេញលេញ ១០០ភាគរយ។

«នេះគឺជាថ្ងៃដំបូងដែល Mbappe បានវិលមកវិញ ហើយជាថ្ងៃដំបូងដែលគេបានចាប់ផ្តើមរត់ឡើងវិញ ប៉ុន្តែពុំទាន់ជាសះស្បើយពេញលេញនៅឡើយទេ។ យើងបានជជែកពីរឿងនេះ ក្រោយហ្វឹកហាត់រួចរាល់ ហើយគេក៏សម្រេចចិត្តសម្រាកបន្ថែមទៀត ដើម្បីឱ្យកាន់តែឆាប់ជាសះស្បើយ។ បើយើងអាចឆ្លងទៅវគ្គ ១៦ក្រុម នោះគេនឹងអាចមានមុខឡើងវិញ។»។​ អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ លើកឡើងបែបនេះ ក្នុងសន្និសីទមុនការប្រកួតចុងក្រោយពូល H រវាង Real Madrid និង Salzburg។

សប្តាហ៍មុន Mbappe ទទួលបានការព្យាបាល់ជំងឺនៅមន្ទីរពេទ្យក្នុងទីក្រុងម៉ៃអាមី ហើយគេបានខកខានការប្រកួតចំនួន ២រួចមកហើយ​ ក្នុងនោះមាន Real Madrid ស្មើក្រុម Al Hilal លទ្ធផល ១-១ និងយកឈ្នះលើក្រុម Pachuca លទ្ធផល ៣-១។

Real Madrid បច្ចុប្បន្នក៏ជាក្រុមនាំមុខកំពូលតារាងពូល H រកបាន ៤ពិន្ទុ តាមពីក្រោយដោយក្រុម FC Salzburg មាន៤ពិន្ទុ ដូចគ្នា ស្របពេល Al Hilal នៅលេខ ៣ មាន ២ពិន្ទុ និង Pachuca ស្ថិតនៅបាតតារាង អស់ឱកាសទៅវគ្គបន្ត៕