Ramos ស៊ុត១គ្រាប់យក៣ពិន្ទុជួយ R.Madrid សង្ឃឹមកាន់តែខ្ពស់ក្នុងការប្រជែងពាន La Liga

0
706

ក្រុមអធិរាជស Real Madrid មួយរយៈចុងក្រោយបានបង្ហាញទម្រង់លេងយ៉ាងល្អ តួយ៉ាងចាប់តាំងពីមកបន្តសកម្មភាពប្រកួតវិញ ក្រោយផ្អាកអស់មួយរយៈដោយសារជំងឺរាតត្បាតកូវីដ១៩ ពួកគេមិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយទេ ហើយកាលពីយប់មិញ បានបន្តទៅយកឈ្នះក្រុម Athletic Bilbao ក្នុងលទ្ធផល ១ទល់នឹង០ ទៀត។

១គ្រាប់យក៣ពិន្ទុ របស់ Real Madrid រកបានតាមរយៈការស៊ុតបាល់ពិន័យ១១ម៉ែត្ររបស់ប្រធានក្រុម Sergio Ramos នៅនាទីទី៧៣ បន្ទាប់ពីខ្សែបម្រើក្រុម Bilbao កីឡាករ Dani Garcia ទាក់ជើងជម្រើសជាតិប្រេស៊ីល Marcelo ឲ្យដួលក្នុងប្រអប់គ្រោះថ្នាក់។

នុងការប្រកួតនេះឃើញថា ក្រុមទាំងពីរមានការប៉ះទង្គិចគ្នាច្រើនគួរសម ជាក់ស្ដែងអាជ្ញាកណ្ដាលសញ្ជាតិអេស្ប៉ាញលោក Jose Luis Gonzalez ចាយកាតលឿងអស់រហូតដល់ទៅ ៧សន្លឹក ក្នុងនោះខាងម្ចាស់ផ្ទះ Bilbao ទទួលបាន៤សន្លឹក ខណៈកូនក្រុមលោក Zinedine Zidane ទទួលបាន៣សន្លឹក។

យ៉ាងណាក្ដីលទ្ធផល ១ទល់នឹង០នេះ បានជួយ Real Madrid រក្សាគម្លាតចំនួន៤ពិន្ទុ ពីក្រុមគូប្រជែង Barcelona ដែលឈរចំណាត់ថ្នាក់លេខ២។ ជាមួយគ្នានេះ ក្នុងក្របខណ្ឌ La Liga ក្រុមនីមួយៗត្រូវធ្វើការប្រកួតចំនួន៤លើកទៀត ទើបបញ្ចប់រដូវកាល២០១៩/២០។

គួរឲ្យដឹងដែរថា ១គ្រាប់កាលពីម្សិលមិញ ជាគ្រាប់ទី១២ហើយ របស់កីឡាករ Sergio Ramos សម្រាប់រដូវកាលនេះ ក្នុងនាមជាខ្សែការពារកណ្ដាល ក្នុងនោះ១០គ្រាប់រកបានក្នុងក្របខណ្ឌ La Liga ចំណែក២គ្រាប់ទៀត ធ្វើបាននៅព្រឹត្តិការណ៍ Champions League ៕