នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ French Cup យប់មិញនេះ កីឡាករឆ្នើម Kylian Mbappe ត្រូវបានដូរចេញនៅនាទីទី២៦ ដោយសារត្រូវរបួសកជើងធ្ងន់ធ្ងរ ក្រោយប្រធានក្រុមរបស់ក្លិប Saint-Étienne លូកជើងទៅស្កាត់បាល់របស់ជម្រើសជាតិបារាំងរូបនេះ។
យ៉ាងណាមិញក្លិប Paris Saint-Germain បានក្លាយជាម្ចាស់ជើងឯកនៃពានរង្វាន់ French Cup នៅរដូវកាល ក្រោយយកឈ្នះក្លិប Saint-Étienne ក្នុងលទ្ធផល១ទល់នឹង០ ដោយការស៊ុតរបស់កីឡាករ Neymar នៅនាទី ទី១៤។ ប៉ុន្តែក្នុងនោះ PSG មិនសូវសប្បាយចិត្តប៉ុន្មានទេ ដោយសារតារាឆ្នើមរបស់ក្លិប គឺកីឡាករ Mbappe ត្រូវទទួលរងរបួសធ្ងន់បែបនេះ។
ដោយឡែកនៅមិនទាន់មានព័ត៌មាននៅឡើយទេ ថាតើរបួសរបស់ Mbappe ត្រូវប្រើរយៈពេលប៉ុន្មាន ដើម្បីព្យាបាលនោះ។ ស្របពេលជាមួយគ្នានេះ PSG ក៏កំពុងមានក្ដីបារម្ភជាខ្លាំងផងដែរ ដោយខ្លាចកីឡាកររូបនេះ មិនអាចចូលលេងឲ្យក្លិបនៅក្នុងពានរង្វាន់ធំៗចំនួន២ទៀត គឺពាន League Cup របស់បារាំងនៅវគ្គផ្តាច់ព្រ័ត្រ ដែលត្រូវប៉ះជាមួយក្លិប Lyon និងពាន UEFA Champions League ដែលត្រូវប៉ះជាមួយក្លិប Atalanta នៅវគ្គ៨ក្រុមចុងក្រោយនោះ។ គួរឲ្យដឹងទៀតថា ក្លិបអ្នកមានរបស់បារាំងមួយនេះ បានដាក់គោលដៅយកពានធំៗឲ្យបាន៤នៅរដូវកាលនេះ៕