Sancho ថ្លៃពេក បីសាចក្រហមក្រលែកមករក Kingsley Coman ពីក្លិប Bayern Munich វិញ

0
797

បើតាមរបាយកាណ៍របស់គេហទំព័រ The Athletic បានឲ្យដឹងថាក្លិប Manchester United កំពុងតែធ្វើការចរចានាំយកកីឡាករ Kingsley Coman ពីក្លិប Bayern Munich ដោយបានដាក់សំណើពីរ គឺអាចនឹងទិញផ្តាច់ ឬក៏ត្រឹមកិច្ចសន្យាខ្ចីជើង។

ជាក់ស្តែង ដោយសារតែកីឡាករគោលដៅទី១ Jadon Sancho មានតម្លៃខ្លួនថ្លៃពេក ទើបធ្វើឲ្យក្លិបរបស់លោក Solskjær ​កំពុងតែចង់បង្វែរទិសដៅទៅរកខ្សែប្រយុទ្ធដែលមានតម្លៃទាបជាងនេះ។ ដោយឡែក Coman ជាជម្រើសដ៏ល្អមួយសម្រាប់ Man Utd ដោយកីឡាកររូបនេះទើបតែមានវ័យ២៤ឆ្នាំប៉ុណ្ណោះ ហើយនៅក្នុងរដូវកាលនេះរូបគេរកបាន៧គ្រាប់ និងបោះបាល់ឲ្យដៃគូបាន៧លើកផងដែរ នៅក្នុងការបង្ហាញខ្លួន២០ប្រកួតឲ្យ Bayern Munich ។

យ៉ាងណាមិញបន្ទាប់ពីកីឡាករ Leroy Sane បានផ្លាស់ពី Manchester City ទៅរួមនឹង Bayern Munich នៅប៉ុន្មានសប្តាហ៍មុននោះ Coman ហាក់ដូចជាពិបាកប្រជែងក្នុងការលេងជាជម្រើស១១នាក់ដំបូងឲ្យក្លិបនៅរដូវកាលក្រោយ។ ដូច្នេះប្រសិនបើ Man Utd អាចយកគេមកលេងនៅទឹកដី Old Trafford បាននោះ វានឹងក្លាយជាការដោះដូរមួយដ៏ល្អសម្រាប់ភាគីទាំងពីរ។

ក្នុងនោះដែរ Coman អាចនឹងមកចូលរួមជាមួយកីឡាកររួមជញ្ជាតិ Paul Pogba និង Anthony Martial នៅតំបន់ប្រយុទ្ធរបស់ Man Utd ផងដែរ។ ប៉ុន្តែមិនច្បាស់នោះទេ ថារូបគេអាចស្ថិតក្នុងជម្រើស១១នាក់ដំបូងរបស់លោក Solskjær បានញឹកញ៉ាប់នោះ ដោយសារនៅមានកីឡាករឆ្នើមៗជាច្រើនទៀតដូចជា Martial, Marcus Rashford, Mason Greenwood និង Dan James នៅក្នុងតំណែងជាខ្សែប្រយុទ្ធនេះ៕