ខ្សែបម្រើប្រយុទ្ធដ៏ឆ្នើម Lionel Messi បានស៊ុតបាល់បញ្ចូលទី ១ គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុម ២ គ្រាប់ ខណៈដែលក្រុមកំពូលតារាងនៃក្របខ័ណ្ឌ La Liga គឺអ្នកមានបុណ្យ Barcelona បានធ្វើដំណើរទៅយកជ័យជម្នះយ៉ាងស្រួលៗលើក្រុមកំពុងតស៊ូដើម្បីរស់ Real Mallorca ៤-០ កាលពីថ្ងៃសៅរ៍ ដោយបង្កើតឲ្យមានការវិលត្រឡប់យ៉ាងល្អឥតខ្ចោះ ទៅរកប្រក្រតីភាពឡើងវិញ ចំពោះវិស័យបាល់ទាត់របស់ប្រទេសអេស្ប៉ាញ ក្រោយពីផ្អាករយៈពេល ៣ ខែ ដោយសារតែការរាតត្បាតជំងឺកូវីដ ១៩។
ក្នុងការប្រកួតនេះ ក្រុមការពារជើងឯកចាស់បានចាប់ផ្ដើមចេញដំណើរជាមួយនឹងការនាំមុខយ៉ាងលឿនពេលខ្សែបម្រើសញ្ជាតិស៊ីលី Arturo Vidal មានឱកាសតែតបញ្ចូលទីបានសម្រេចនៅនាទីទី ២ ហើយមុនចប់វគ្គទី ១ ពោលគឺនៅនាទីទី ៣៧ ខ្សែប្រយុទ្ធអន្តរជាតិដាណឺម៉ាក Martin Braithwaite បន្ថែមគម្លាតឲ្យក្រុមភ្ញៀវ Barca ២-០។
ឈានចូលដល់តង់ទី២ នៅនាទីទី ៧៩ ខ្សែការពារ Jordi Alba ធ្វើបានសម្រេចគ្រាប់ទី៣ ឲ្យក្រុមអ្នកមានបុណ្យនាំមុខកាន់តែឆ្ងាយ ក្រោយទទួលបានការបញ្ជូនបាល់យ៉ាងល្អពីកីឡាករប្រធានក្រុម Messi ដែលជាអ្នករួមចំណែក ក្នុងការរកគ្រាប់បាល់ទី២ ដែរ ខណៈដែលក្រោយមកកីឡាករអន្តរជាតិអាហ្សង់ទីនរូបនេះ គឺជាអ្នកបង្ហើយគ្រាប់ជ័យជម្នះចុងក្រោយឲ្យក្រុមនៅនាទីទី ៩០+៣។ ដូច្នេះ លទ្ធផលផ្លូវការ Barcelona ឈ្នះ Mallorca ៤-០។
ជាមួយនឹងជ័យជម្នះនេះ ធ្វើឲ្យ Barca នៅតែឈរលើកំពូលតារាងដដែល មាន ៦១ ពិន្ទុ ក្រោយប្រកួតបាន ២៨ ដង ដោយនាំមុខដាច់ ៥ ពិន្ទុ លើក្រុមគូប្រជែងដ៏កៀកបំផុត គឺក្រុមអធិរាជស Real Madrid ដែលប្រកួតតិចជាងខ្លួន ១ លើក។ ការប្រកួតនេះ ត្រូវបានធ្វើឡើងដោយបិទទ្វារកីឡដ្ឋាន ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសផ្លូវដង្ហើមថ្មីកូរ៉ូណា តែអ្នកគាំទ្រម្នាក់ ដែលមានពាក់អាវក្រុមជម្រើសជាតិអាហ្សង់ទីន មិនដឹងយ៉ាងម៉េចអាចរត់ចូលទីលានបាន មុននឹងត្រូវអ្នករក្សាសន្តិសុខចាប់យកចេញទៅក្រៅ។
គ្រូបង្វឹករបស់ក្រុម Barca លោក Quique Setien បានសម្ដែងអារម្មណ៍រីករាយនឹងទម្រង់លេងរបស់កូនក្រុមក៏ដូចជាលទ្ធផលដែលទទួលបានសម្រាប់យុទ្ធនាការបើកឆាកការប្រកួតដំបូងនេះ ដោយបុរសអេស្ប៉ាញវ័យ ៦១ ឆ្នាំរូបនេះ ប្រាប់អ្នកសារព័ត៌មានថា៖ «ខ្ញុំមានអារម្មណ៍ល្អណាស់»។
លោកបានបន្តថា៖ «វាតែងតែជារឿង ដែលអ្នកចង់ឲ្យវាប្រសើរ តែខ្ញុំសប្បាយចិត្តជាមួយនឹងការប្រកួត ដែលក្រុមយើងលេង។ ជាមួយនឹងប្រកួតដំបូង ដោយអត់មានការហាត់សមអ្វីទាំងអស់ យើងអាចយកលេសថាពេលវេលាតិច តែខ្ញុំគិតថា វាជាការចាប់ផ្ដើមដ៏ល្អមួយ ក្នុងការប្រឈមនឹងពេលវេលាដ៏មមាញឹកដែលយើងនៅសល់ការប្រកួត ១០ ដងទៀត ដោយជារួម ខ្ញុំមានអារម្មណ៍ល្អ»។
នេះក៏ជាការបង្ហាញវត្តមានលើកដំបូងឲ្យក្រុម Barca របស់ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរូហ្គាយ Luis Suarez ផងដែរ គិតចាប់តាំងពីមានរបួសជង្គង់ ៦ ខែកន្លងទៅ ក្រោយកីឡាកររូបនេះដូរជំនួសកីឡាករបារាំង Antoine Griezmann នៅនាទីទី៥៧។ សម្រាប់ក្រុមម្ចាស់ផ្ទះ បើទោះជាបរាជ័យយ៉ាងធ្ងន់ធ្ងរ ធ្វើឲ្យមិនអាចងើបចេញពីតំបន់គ្រោះថ្នាក់បានក៏ពិតមែន តែខ្សែបម្រើសញ្ជាតិជប៉ុន ១ រូប គឺ Takefusa Kubo ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយកីឡាករដែលមានវ័យតែ ១៩ ឆ្នាំរូបនេះ បានបង្ហាញទម្រង់លេងដ៏ឥតខ្ចោះ ដោយការធ្វើទុកបុកម្នេញចំពោះអ្នកចាំទី Marc-Andre ter Stegen របស់ Barca ជាច្រើនលើកច្រើនសា៕