Messi ជួយ Barca ឲ្យ​ឈ្នះ​ក្នុង​ការ​ប្រកួត​បើក​ឆាក​បិទ​ទ្វារ​

0
604

ខ្សែ​បម្រើ​ប្រយុទ្ធ​ដ៏​ឆ្នើម​ Lionel Messi បាន​ស៊ុត​បាល់​បញ្ចូល​ទី ១ គ្រាប់​ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម ​២ ​គ្រាប់ ខណៈ​ដែល​ក្រុម​កំពូល​តារាង​នៃ​ក្របខ័ណ្ឌ La Liga គឺ​អ្នក​មាន​បុណ្យ Barcelona បាន​ធ្វើ​ដំណើរ​ទៅ​យក​ជ័យ​ជម្នះ​យ៉ាង​ស្រួលៗ​លើ​ក្រុម​កំពុង​តស៊ូ​ដើម្បី​រស់ Real Mallorca ៤-០ កាល​ពី​ថ្ងៃ​សៅរ៍ ដោយ​បង្កើត​ឲ្យ​មាន​ការ​វិល​ត្រឡប់​យ៉ាង​ល្អ​ឥត​ខ្ចោះ​ ទៅ​រក​ប្រក្រតី​ភាព​ឡើង​​វិញ ​ចំពោះ​វិស័យ​បាល់ទាត់​របស់​ប្រទេស​អេស្ប៉ាញ​​ ក្រោយ​ពី​ផ្អាក​រយៈពេល ​៣ ​ខែ​ ដោយសារ​តែ​ការ​រាត​ត្បាត​ជំងឺ​កូវីដ ​១៩​។

ក្នុង​ការ​​ប្រកួត​នេះ​ ក្រុម​ការពារ​​ជើង​ឯក​ចាស់​បាន​ចាប់​ផ្ដើម​ចេញ​​ដំណើរ​ជាមួយ​នឹង​ការ​នាំ​មុខ​យ៉ាង​លឿន​ពេល​ខ្សែ​បម្រើ​សញ្ជាតិ​ស៊ីលី​​ Arturo Vidal មាន​ឱកាស​​តែត​បញ្ចូល​ទី​បាន​សម្រេច​នៅ​​នាទី​ទី ២ ហើយ​មុន​​​ចប់​វគ្គ​ទី ​១ ពោល​គឺ​នៅ​នាទីទី ​៣៧ ​ខ្សែ​ប្រយុទ្ធ​អន្តរជាតិ​ដាណឺម៉ាក​ Martin Braithwaite ​បន្ថែម​គម្លាត​ឲ្យ​ក្រុម​ភ្ញៀវ​​ Barca ២-០។

ឈាន​ចូល​ដល់​តង់​ទី​២ នៅ​នាទីទី ​៧៩ ខ្សែ​ការពារ Jordi Alba ធ្វើ​បាន​សម្រេច​គ្រាប់​ទី៣ ឲ្យ​ក្រុម​អ្នក​មាន​បុណ្យ​នាំ​មុខ​កាន់​តែ​ឆ្ងាយ ក្រោយ​ទទួល​​បាន​ការ​បញ្ជូន​​បាល់​យ៉ាង​ល្អ​​ពី​កីឡាករ​ប្រធាន​ក្រុម Messi ដែល​ជា​អ្នក​រួម​ចំណែក​ ក្នុង​ការ​រក​​គ្រាប់​បាល់​ទី​២ ​ដែរ ខណៈ​ដែល​ក្រោយ​មក​កីឡាករ​អន្តរ​ជាតិ​អាហ្សង់ទីន​រូប​នេះ គឺ​ជា​អ្នក​បង្ហើយ​គ្រាប់​ជ័យ​ជម្នះ​ចុង​ក្រោយ​ឲ្យ​ក្រុម​​នៅ​នា​ទីទី ​៩០+៣។ ដូច្នេះ លទ្ធផល​ផ្លូវ​ការ​ Barcelona ឈ្នះ Mallorca ៤-០​។​​

ជាមួយ​នឹង​ជ័យ​ជម្នះ​នេះ ធ្វើ​ឲ្យ​ Barca នៅ​តែ​ឈរ​លើ​​កំពូល​តារាង​ដដែល មាន​ ៦១ ​ពិន្ទុ ក្រោយ​ប្រកួត​បាន ២៨ ​ដង ដោយ​នាំ​មុខ​ដាច់ ​៥ ​ពិន្ទុ លើ​ក្រុម​គូ​ប្រជែង​ដ៏​កៀក​បំផុត គឺ​ក្រុម​អធិរាជស​​ Real Madrid ដែល​ប្រកួត​តិច​ជាង​ខ្លួន​ ​១ ​លើក​។ ការ​ប្រកួត​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​បិទ​ទ្វារ​កីឡដ្ឋាន ដើម្បី​ទប់ស្កាត់​ការ​រីក​រាល​ដាល​នៃ​វីរុស​ផ្លូវ​ដង្ហើម​​ថ្មី​កូរ៉ូណា​ តែ​អ្នក​គាំ​ទ្រម្នាក់​ ដែល​មាន​ពាក់​អាវ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន ​មិន​ដឹង​យ៉ាង​ម៉េច​អាច​រត់​ចូល​ទីលាន​បាន មុន​នឹង​ត្រូវ​អ្នក​រក្សា​សន្តិសុខ​ចាប់​យក​ចេញ​ទៅ​ក្រៅ​។​

គ្រូ​បង្វឹក​របស់​ក្រុម​ Barca លោក Quique Setien បាន​សម្ដែង​អារម្មណ៍​រីករាយ​នឹង​ទម្រង់​លេង​របស់​កូន​ក្រុម​ក៏​ដូច​ជា​លទ្ធផល​ដែល​ទទួល​បាន​សម្រាប់​​យុទ្ធនាការ​បើក​ឆាក​​ការ​ប្រកួត​ដំបូង​នេះ ​ដោយ​បុរស​អេស្ប៉ាញ​វ័យ ៦១ ​ឆ្នាំ​រូប​នេះ ​ប្រាប់​អ្នក​សារព័ត៌មាន​ថា​៖ «​ខ្ញុំ​មាន​អារម្ម​ណ៍​ល្អ​ណាស់»​។

លោក​បាន​បន្ត​ថា៖ ​«វា​តែងតែ​ជារឿង​ ដែល​អ្នក​ចង់​ឲ្យ​វា​ប្រសើរ​ តែ​ខ្ញុំសប្បាយ​ចិត្ត​ជាមួយ​នឹង​ការ​ប្រកួត ដែល​ក្រុម​យើង​លេង​។ ជាមួយ​នឹង​​ប្រកួត​ដំបូង ដោយ​អត់​មាន​ការ​ហាត់​សម​អ្វី​ទាំង​អស់​ យើង​អាច​យក​លេស​ថា​ពេល​វេលា​តិច​ តែ​ខ្ញុំ​គិត​ថា វា​ជា​ការ​ចាប់​ផ្ដើម​ដ៏​ល្អ​មួយ​ ក្នុង​ការ​ប្រឈម​នឹង​ពេល​វេលា​​ដ៏​មមាញឹក​ដែល​យើង​នៅ​សល់​ការ​ប្រកួត ​១០ ​ដង​ទៀត​ ដោយជា​រួម​ ខ្ញុំ​មាន​អារម្មណ៍​ល្អ​»​។

នេះ​ក៏​ជា​ការ​បង្ហាញ​វត្តមាន​លើក​ដំបូង​ឲ្យ​ក្រុម Barca ​​របស់​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អ៊ុយរូហ្គាយ Luis Suarez ផង​ដែរ គិត​ចាប់​តាំង​ពី​មាន​របួស​ជង្គង់ ៦ ​ខែ​កន្លង​ទៅ ក្រោយ​កីឡាករ​រូប​នេះ​ដូរ​ជំនួស​កីឡាករ​បារាំង Antoine Griezmann នៅ​នាទីទី​៥៧​​​។ សម្រាប់​ក្រុម​ម្ចាស់​ផ្ទះ បើ​ទោះ​ជា​បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ ធ្វើ​ឲ្យ​មិន​អាច​ងើប​ចេញ​ពី​តំបន់​គ្រោះ​ថ្នាក់​បាន​ក៏​ពិត​មែន តែ​ខ្សែ​បម្រើ​សញ្ជាតិ​ជប៉ុន​​ ១​ រូប គឺ​ Takefusa Kubo ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ក្រោយ​​កីឡាករ​ដែល​មាន​វ័យ​តែ ១៩ ​ឆ្នាំ​រូប​នេះ បាន​បង្ហាញ​ទម្រង់​លេង​ដ៏​ឥត​ខ្ចោះ ដោយ​ការ​ធ្វើ​ទុក​បុក​ម្នេញ​ចំពោះអ្ន​ក​ចាំទី Marc-Andre ter Stegen របស់​ Barca ជា​ច្រើន​លើក​ច្រើន​សា៕