Federer មាន​ប្រាក់​ចំណូល​ខ្ពស់​ជាង ​Messi សម្រាប់ឆ្នាំ​២០២០

0
809

អតីត​កីឡាករ​វាយ​កូន​បាល់​លេខ ​១ ពិភព​លោក Roger Federer គឺ​ជា​អត្តពលិក​ដែល​មាន​ចំណូល​ខ្ពស់​ជាង​គេ​លើ​លោក​ក្នុង​ឆ្នាំ​ ២០២០ ខណៈ​​ការ​រាត​ត្បាត​នៃ​ជំងឺ​កូវីដ ​១៩ បាន​ប៉ះពាល់​ដល់​វិស័យ​បាល់​ទាត់​ធ្វើ​ឲ្យ​​ Lionel Messi បាន​ធ្លាក់​ពី​តំណែង​នេះ។ នេះ​បើ​យោង​តាម​ការ​ចាត់​ចំណាត់​ថ្នាក់​ប្រចាំ​ឆ្នាំ​របស់​ទស្សនាវដ្ដី Forbes ដែល​ចេញ​ពី​កាល​ពី​ថ្ងៃ​សុក្រ​។​

កីឡាករ​ឆ្នើម​របស់​ស្វ៊ីស ​Federer ដែល​ជា​ម្ចាស់​ពាន ​Grand Slam លើ​វិញ្ញាសា​វាយ​ទោល​បុរស​ចំនួន ២០ ​ដង រក​​ចំណូល​បាន​ ១០៦ លាន​ដុល្លារ ក្នុង​រយៈពេល ១២ ​ខែ​ចុង​ក្រោយ នេះ​រួម​បញ្ចូល​ទាំង ​១០០ លាន​ដុល្លារ ដែល​បាន​ពី​​ការ​ផ្សាយ​ពាណិជ្ជកម្ម​តាមរយៈ​ការ​ពាក់​ផលិតផល​លើ​ខ្លួន ដូច្នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​ Federer ​ដែល​ធ្លាប់​​ឈរ​នៅ​លេខ ​៤ សម្រាប់​ចំណាត់​ថ្នាក់​ចាស់ ហក់​ឡើង​ទៅ​លើ​គេ​ក្នុង​បញ្ជី​ចំណាត់​ថ្នាក់​របស់​ទស្សនាវដ្ដី ដែល​វា​ជា​លើក​ដំបូង​ផង​ដែរ​ សម្រាប់​កីឡា​វាយតិន្នីស​។​

ចំណែក​កីឡាករ​ក្នុង​វិស័យ​បាល់​ទាត់​ Cristiano Ronaldo ឈរ​នៅ​លំដាប់​ទី ​២ មាន​ចំណូល ១០៥ ​លាន​ដុល្លារ តាម​ពី​ក្រោយ​ដោយ​ Messi ១០៤ ​លាន​ដុល្លារ និង Neymar ៩៥,៥ ​លាន​ដុល្លារ រីឯ​កីឡាករ​បាល់​បោះ LeBron James ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​កំពូល​​ទាំង ​៥ មាន​ចំណូល​ ៨៨,​២ ​លាន​ដុល្លារ​។​

និពន្ធ​នាយក​ជាន់​ខ្ពស់​របស់ Forbes លោក Kurt Badenhausen បាន​និយាយ​ថា​៖ «​ការ​រីក​រាល​ដាល​របស់​វីរុស​កូរ៉ូណា បាន​បណ្ដាល​ឲ្យ​មាន​ការ​កាត់​ប្រាក់​ខែ​របស់​កីឡាករ​បាល់​ទាត់ Messi និង Ronaldo ដែល​នេះ វា​បើក​ផ្លូវ​ឲ្យ​កីឡាករ​វាយតិន្នីស ឡើង​ទៅ​ឈរ​ទី ១ ក្នុង​នាម​ជា​អត្តពលិក​ដែល​មាន​ចំណូល​ខ្ពស់​ជាង​គេ​របស់​ពិភព​លោក​ជា​លើក​ដំបូង​»​។

ជាមួយ​គ្នា​នេះ កីឡាការិនី​វាយតិន្នីស​សញ្ជាតិ​ជប៉ុន Naomi Osaka (៣៧,៤ លាន​ដុល្លារ) ​ដែល​ឈរ​នៅ​លេខ ​២៩ ក្នុង​បញ្ជី​បាន​ឡើង​ទៅ​លើ​មិត្ត​រួម​អាជីព Serena Williams (៣៦ លាន​ដុល្លារ) របស់​សហរដ្ឋអាមេរិក ក្នុង​នាម​ជា​អត្តពលិក​នារី ​ដែល​មាន​ចំណូល​​ច្រើន​ជាង​គេ​របស់​ពិភព​លោក​ ហើយ​​ទាំង ​២ នាក់ ​​ជា​អត្តពលិក​នារី​ ដែល​បាន​ជាប់​​ឈ្មោះ​ក្នុង​បញ្ជី​ចំណាត់​ថ្នាក់​ឆ្នាំ​នេះ។​​​

ក្នុង​ចំណោម​កីឡាករ​នៅ​ទី​កំពូល​ទាំង​ ១០០​ នាក់​នៃ​តារាង​ចំណាត់​ថ្នាក់​នេះ កីឡាករ​បាល់បោះ​មាន​ឈ្មោះ​ច្រើន​ជាង​កីឡា​ផ្សេងៗ​ ដោយ​មាន​ ៣៥​ នាក់ ខណៈ​កីឡា​បាល់ទាត់​អាមេរិកាំង (American Football) មាន ៣១ ​នាក់ ហើយ​កីឡាករ​បាល់ទាត់​មាន​ ១៤ ​នាក់​ តាម​ពី​ក្រោយ​ដោយ​អត្តពលិក​វាយ​តិន្នីស​ ៦ នាក់​ ស្រប​ពេល​បូក​បញ្ចូល​គ្នា​រវាង​កីឡាករ​ប្រដាល់​សកល និង​ក្បាច់​គុន​ចម្រុះ មាន ៥ ​នាក់​។ អ្នក​វាយ​កូន​គោល​អាជីព​ ក៏​មាន​​ ៤​ នាក់​ដែរ ពោល​គឺ​នៅ​លើ​កីឡាករ​ប្រណាំង​​យានយន្ត ដែល​មាន​ ៣ នាក់ ហើយ​កីឡា​បេស្បល និង​គ្រីកឃីដ មាន ១ ​នាក់​ដូច​គ្នា​៕