Pep Guardiola បាននិយាយថា Man City ​កំពុងស្ថិតក្នុងវិបត្តិដែលអាចបាត់បង់កៅអី Champions League

0
188

ក្រុម Manchester City ហាក់បីជាធ្លាក់ទម្រង់លេងខ្លាំង ក្នុងរដូវកាល ២០២៤-២៥ ដែលបានធ្វើឲ្យពួកគេមិនអាចប្រកួតប្រជែងដណ្តើមពានរង្វាន់ Premier League ដូចសព្វមុនបានទៀត។ ទោះជាយ៉ាងណា ក្រុមជើងឯកចំនួនបួនរដូវកាលជាប់គ្នានេះ នៅតែខំប្រឹងប្រែងដើម្បីរកកៅអីទៅកាន់ការប្រកួត UEFA Champions League លើកទី ១៥ ជាប់គ្នា។

បច្ចុប្បន្ននេះ ក្រុមរហស្សនាម “មេឃខៀវ” មានគម្លាត ១២ ពិន្ទុពីក្រោយក្រុមកំពូលតារាង Liverpool ហើយកំពុងស្ថិតក្នុងចំណាត់ថ្នាក់លេខ ៧ នៅក្នុង Premier League បន្ទាប់ពីប្រកួត ៨ ប្រកួតចុងក្រោយ ដោយបានឈ្នះត្រឹមតែ ១ ប្រកួតប៉ុណ្ណោះ។ ក្រោមការដឹកនាំរបស់គ្រូបង្វឹក Pep Guardiola ក្រុមកំពុងមានគម្លាត ៤ ពិន្ទុពីក្រោយ Nottingham Forest ដែលឈរនៅចំណាត់ថ្នាក់លេខ ៤។ ស្ថានភាពនេះបានបណ្តាលឲ្យមានការព្រួយបារម្ភថា ក្រុមអាចបាត់កៅអីក្នុង Champions League។

លោក Pep Guardiola បានលើកឡើងថា៖
«កាលពីមុន មនុស្សមួយចំនួនគិតថា ការទទួលបានកៅអីក្នុង Champions League មិនមែនជាសមិទ្ធផលធំសោះ។ តែខ្ញុំគិតថា នេះអាចជារឿងមួយដែលកើតឡើងជាញឹកញាប់ជាមួយក្លឹបមួយចំនួននៅប្រទេសនេះ។ ក្រុមទាំងនេះតែងតែធ្វើបានល្អជារៀងរាល់ឆ្នាំ ប៉ុន្តែមកក្រោយពួកគេបានចាប់ផ្តើមមានបញ្ហាក្នុងការប្រកួតប្រជែង។ Manchester City គឺជាក្លឹបតែមួយដែលបានចូលរួមក្នុង Champions League ជាបន្តបន្ទាប់រយៈពេលច្រើនឆ្នាំ។ ប៉ុន្តែឥឡូវនេះ យើងកំពុងប្រឈមនឹងវិបត្តិ ហើយយើងអាចជួបបញ្ហានេះដែរ»។

នៅពេលឆ្នាំ ២០២៤ ស្ថិតនៅចុងបញ្ចប់ Manchester City ដែលជាក្រុមអង់គ្លេសតែមួយគត់ដែលឈ្នះ Premier League ៤ រដូវកាលជាប់គ្នា នឹងត្រូវជួបក្រុម Everton នៅទីលានកីឡដ្ឋាន Etihad ក្នុងថ្ងៃទី ២៦ ខែធ្នូ មុនពេលធ្វើដំណើរទៅប្រកួតទល់នឹង Leicester City នៅថ្ងៃទី ២៩ ខែធ្នូ។