ភ្នំពេញ​ក្រោន នឹង​យកឈ្នះ​ក្រុម​ហ្វីលីពីន​ នៃពាន​រង្វាន់ AFC Cup

0
255

បានតាម​កាសែតភ្នំពេញប៉ុសឺ៏្ត​ : ភ្នំពេញ​ក្រោន នឹង​ត្រូវទទួល​ស្វាគមន៍ក្រុម​លីគកំពូល​របស់​ហ្វីលីពីន DH Cebu FC ​ នៅពហុកីឡដ្ឋានជាតិ​អូឡាំពិក​ ក្នុងការ​ប្រកួតជុំទី​១​នៃពាន​រង្វាន់ AFC Cup នៅ​យប់​ម៉ោង​៧ ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ហើយ​ជំនួប​នេះ ភ្នំពេញ​ក្រោន បាន​​ដាក់​គោលដៅ​ចម្បង​​ត្រូវ​​ដណ្តើម​ឱ្យបាន​៣ពិន្ទុ​បន្ថែម​ទៀតដើម្បី​អាច​ឈាន​​​ឡើង​ទៅ​ប្រកួត​នៅវគ្គ​បន្ត​ ។

ភ្នំពេញ​ក្រោន បាន​យក​ឈ្នះ​ក្រុម​ DH Cebu FC  ៣-០ ម្តង​ហើយ សម្រាប់ការ​ប្រកួតបើក​ឆាក​ជើង​ទី​១​ប្រចាំពូល​F កាលពី​ថ្ងៃទី​២១ ខែកញ្ញា ហើយ​ការ​វិល​មកជួប​គ្នា​លើកនេះ ក្រុម​ម្ចាស់​ផ្ទះ ភ្នំពេញ​ក្រោន ត្រូវការ​ឈ្នះ​៣​ពិន្ទុ​ម្តង​ទៀត ដើម្បី​បង្កើត​ភាគ​រយ​ឱ្យ​បាន​កាន់តែ​ខ្ពស់ ក្នុងការ​​ទទួល​បានកៅអី​ឡើង​ទៅ​វគ្គ​បន្ត ព្រោះ​ពេល​នេះ ភ្នំពេញ​ក្រោន ឈរ​នៅលេខ​២​ ដោយ​មាន​៩ ពិន្ទុ​ ស្មើ​ជាមួយ​ក្រុមលេខ​១ Macarthur FC ​របស់​​អូស្រ្តាលី ដែល​ត្រូវ​ជួបក្រុម​ Shan United របស់​មីយ៉ាន់ម៉ា នៅ​ថ្ងៃទី​៣០ វិច្ឆិកា​នេះ​ដែរ។

លោក Oleg Starynskyi គ្រូ​បង្វឹក​ក្រុម​ភ្នំពេញ​ក្រោន បាន​និយាយក្នុងសន្និសីទ​កាសែត កាលពី​ថ្ងៃទី​២៩ ខែវិច្ឆិកា​ថា៖​ AFC Cup តែងតែធ្វើឱ្យ​យើង​មាន​អារម្មណ៍​ល្អ ហើយ​យើង​ពិត​ជា​រង់​ចាំ​ការ​ប្រកួត​នេះ។ យើងធ្វើបានយ៉ាងល្អ ក្នុងការប្រកួតជាមួយ​ក្រុម DH Cebu FC  នៅ​ហ្វីលីពីន ដោយ​ឈ្នះ ៣-០ ហើយ​អ្វីដែលសំខាន់ សម្រាប់​ការ​ប្រកួត​លើក​នេះ គឺការ​យក​ឱ្យ​បាន​​៣​ពិន្ទុ​បន្ថែម​ទៀត។

គ្រូ​បង្វឹកជនជាតិ​អ៊ុយ​ក្រែន​រូប​នេះ បានបន្ថែម​ថា៖ ការរំពឹងទុក​របស់​យើង ត្រូវ​យក​ឈ្នះ​ការ​ប្រកួត គឺ​​​យើង​​ត្រូវ​​មាន​​ការ​រំពឹង​ទុក​ខ្ពស់។ យើងតែងតែមានអារម្មណ៍ល្អ សម្រាប់​ការ​លេង​ក្នុង​ទឹកដី ព្រោះ​ពេល​ដែល​យើង​លេង​ក្រៅ​ទឹក​ដី​ យើង​មាន​ពេល​តិច​តួច​​ក្នុង​ការ​រៀបចំ​ក្រុម និង​រក្សា​កាយ​សម្បទា​​របស់យើង យើង​នឹង​ព្យាយាម​លេង​ដោយ​ទំនុកចិត្ត និងលេងបាល់ទាត់ដែលល្អ គឺ​​យើង​​នឹង​ព្យាយាម​ដាក់​សម្ពាធ​ពួកគេ ដើម្បី​បង្កើត​ឱកាស​ឱ្យ​បានច្រើន។

យ៉ាង​ណា​ក៏​ដោយ លោក Oleg Starynskyi បានថ្លែងថា សម្រាប់ការ​ប្រកួត​លើក​នេះ ​ក្រុម DH Cebu FC មានពេលវេលា​ច្រើន​​ក្នុង​ការ​ត្រៀម​ខ្លួន ព្រោះពួក​គេមិន​មាន​ការ​ប្រកួត​​ប្រជែង​នៅលីគនោះទេ គឺ​ខុស​ពី​ក្រុម​ភ្នំពេញ​ក្រោន ដែល​​មានការ​កាលវិភាគ​ប្រកួត​ដ៏​មមា​ញឹក ទាំង​ការ​ប្រកួត​ប្រជែង​នៅលីគ​កំពូល​កម្ពុជា និង​​ការ​ប្រកួត​ពាន AFC Cup នេះ ហើយ​វា​ក៏អាច​ជាមូល​ហេតុ​មួយ ធ្វើ​ឱ្យ​ភ្នំពេញ​ក្រោន រក​មិនទាន់​ឃើញ​ការ​ឈ្នះសោះ សម្រាប់ការ​ប្រកួត​៤​លើក​ចុង​ក្រោយ​នេះ។

ខ្សែ​ការពារជប៉ុន Takaki Ose ​របស់​ភ្នំពេញក្រោន បាន​និយាយ​ថា៖ ទោះ​យើង​មិន​ឈ្នះ​ការ​ប្រកួត​៤​លើកចុងក្រោយ ប៉ុន្តែ​ខ្ញុំមិន​បារម្ភ​ច្រើន​អំពី​រឿង​នេះ​ទេ ព្រោះ​បាល់​ទាត់​តែងតែ​មាន​រឿងបែប​នេះ។ ​ការជួប​ក្រុម Cebu វា​នឹង​ក្លាយ​ជា​ការ​ប្រកួត​ដែល​ពិបាក ប៉ុន្តែ​ប្រសិន​បើ​យើង​លេង​ដោយ​ទំនុក​ចិត្ត និង​មាន​ស្មារតី​ជ័យ​ជម្នះ ជាមួយ​ការ​លេង​របស់​យើង គឺ​យើង​​នឹង​​ទទួល​​បាន​​លទ្ធផល​​ល្អ ដោយ​ខ្ញុំ​​សង្ឃឹម​​ថា យើង​​នឹង​​ឈ្នះ ហើយ​អាច​ឡើង​ទៅ​វគ្គ​បន្ត។

លោក Joshua Schirmer ​បាន​និយាយ​ក្នុង​សន្និសីទ​កាសែត​ថា៖ ខ្ញុំ​រីករាយ​ដែល​បាន​មក​ដល់​ទីនេះ ហើយ​យើងទន្ទឹងរង់ចាំការប្រកួត ដោយសារប្រកួត​ដំបូង​ទល់​នឹង​ភ្នំពេញក្រោន យើង​មិន​ទាន់​បាន​ធ្វើ​តាម​អ្វីដែលយើង​រំពឹងទុកទេ ប៉ុន្តែយើងត្រូវកែប្រែបញ្ហានេះ​ពីប្រកួត​មុន ហើយ​​ធ្វើឱ្យ​បាន​​ល្អ​ ​នៅក្នុង​ការ​ប្រកួតនេះ៕