ក្លិប​នៅ premier league បោះឆ្នោត​លើ​ការវិល​ត្រឡប់មក​ហ្វឹកហាត់​គ្រប់​ជ្រុងជ្រោយ​ឡើងវិញ​

0
733

​ក្លិប​នៅ​ក្របខណ្ឌ Premier League​នឹង​បោះឆ្នោត​លើ​សំណើរ​សម្រាប់​ការ​វិល​ត្រឡប់មក​ហ្វឹកហាត់​គ្រប់​ជ្រុងជ្រោយ​ឡើងវិញ ដោយមាន​ការប្រាស្រ័យ​ទាក់ទង​គ្នា​នៅ​ថ្ងៃ​ពុធ ស្រប​ពេលដែល​ក្របខណ្ឌ​បាល់ទាត់​កំពូល​អង់គ្លេស​មួយ​នេះ បោះជំហាន​មួយ​ផ្សេងទៀត ជិត​មករក​ការចាប់ផ្តើម​រដូវ​កាល​របស់ខ្លួន​ឡើងវិញ​នៅ​ខែក្រោយ​។

សេចក្តី​ណែនាំ​ថ្មី​របស់​រដ្ឋាភិបាល​ចក្រ​ភព​អង់គ្លេស ដែល​បានចេញ​កាលពី​ថ្ងៃអាទិត្យ នឹង​អនុញ្ញាត​ឲ្យ​ឲ្យ​មានការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ជិតស្និត​អំឡុងពេល​ហ្វឹកហាត់ ដែល​រួមទាំង​ការដណ្តើម​បាល់​គ្នា ដើម្បី​ជួយ​ក្រុម​កីឡាករ​បង្កើន​សមត្ថ​ភាព​លេង​ការប្រកួត​របស់​ពួកគេ មុនពេល​វិលត្រឡប់​មកកាន់​ការប្រកួត​វិញ។

សេចក្តី​ណែនាំ​របស់​រដ្ឋា​ភិ​បាល បាន​លើកឡើងថា ការហ្វឹកហាត់​ប្រភេទ​នេះ នឹង​ចាប់ផ្តើម​ពី​ក្រុម​គ្នា​តិច​ចាប់​២​ទៅ​៣​នាក់ រហូតដល់​ក្រុម​គ្នាច្រើន​ចាប់ពី​៤​នាក់​ទៅ​១២​នាក់ ហើយ​ចុងក្រោយ​គឺ​ការហ្វឹកហាត់​គ្រប់​ជ្រុងជ្រោយ​តែម្តង។

​ក្រុម​កីឡាករ និង​ក្រុម​អ្នកចាត់ការ​បាន​ពិគ្រោះ​យោបល់​គ្នា​កាលពី​ថ្ងៃ​អង្គារ មុនពេល​សំណើ​ដាក់ជូន​ឲ្យ​បោះឆ្នោត​នៅក្នុង​ចំណោម​ក្លិប​កំពូល​ទាំង​២០​នៅ​ក្របខណ្ឌ Premier League​។

ដោយឡែក លទ្ធផល​នៃ​ការធ្វើ​តេស្ត​ជុំ​ចុងក្រោយ​ស្វែងរក​ជំងឺ COVID-19 ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ចន្ទ និង​ថ្ងៃ​អង្គារ នឹងត្រូវ​ចុះផ្សាយ​ផងដែរ​នៅ​ថ្ងៃ​ពុធ​នេះ។

សូមបញ្ជាក់ថា ការធ្វើ​តេស្ត​វិជ្ជមាន​ចំនួន​តិចតួច​នៃ​ជំងឺ COVID-19​ក្នុង​២​ជុំ​ដំបូង​នៃ​ការធ្វើ​តេស្ត​នៅ​ក្លិប Premier League​បានធ្វើ​ឲ្យ​កើតមាន​ក្តីសង្ឃឹម​នៃ​ការវិលត្រឡប់​មកកាន់​រដូវ​កាល​ឡើងវិញ​នៅ​ខែមិថុនា​ខាងមុខនេះ ។

ករណី​វិជ្ជមាន​ចំនួន​៨​នាក់​នៃ​ជំងឺ COVID-19 នៅក្នុង​ចំណោម​ក្រុម​កីឡាករ និង​បុគ្គលិក​ត្រូវបាន​រកឃើញ​ក្នុងចំណោម​ការធ្វើ​តេស្ត​មនុស្ស​១.៧៤៤​នាក់ នៅ​ក្របខណ្ឌ Premier League៕