PSG ចង់បាន Benzema ខ្សែប្រយុទ្ធលំដាប់ A របស់ Real Madrid

0
644

ក្លិបអ្នកមាននៅបារាំង Paris Saint-Germain ត្រូវបានរាយការណ៍មកថា គ្រោងនឹងធ្វើឲ្យកក្រើកនៅទីផ្សារដោះដូររដូវក្ដៅខាងមុខ ដោយដាក់រ៉ាដាចង់បានទៅលើខ្សែប្រយុទ្ធឆ្នើម Real Madrid កីឡាករ Karim Benzema។

អតីតខ្សែប្រយុទ្ធ Lyon វ័យ៣២ឆ្នាំ Benzema បានផ្លាស់មកកាន់កីឡដ្ឋាន Bernabeu កាលពីឆ្នាំ២០០៩ និងបានឈ្នះពានរង្វាន់ Champions League ចំនួន៤លើក ជាមួយ Real Madrid។

កីឡាករសញ្ជាតិបារាំងរកបានគ្រាប់បាល់លើស១៥០គ្រាប់ ក្នុងក្របខណ្ឌ La Liga ប៉ុន្តែរយៈពេល១១ឆ្នាំរួមរស់ជាមួយក្លិបយក្សអេស្ប៉ាញរបស់ Benzema ខិតជិតចូលមកដល់ទីបញ្ចប់ហើយ។

បើតាមសារព័ត៌មាន Mundo Deportivo បានឲ្យដឹងថា PSG កំពុងត្រៀមខ្លួនយ៉ាងរួចរាល់ក្នុងការនាំយក Benzema ត្រឡប់ទៅលេងនៅក្របខណ្ឌ Ligue 1 វិញ។

ក្លិបជើងឯកបារាំងចង់បាន Benzema ទៅជំនួសកន្លែងរបស់ Edinson Cavani ដែលមានភាគរយខ្ពស់ចាកចេញពីក្លិបនៅរដ្ឋធានីបារាំងនៅទីផ្សារខាងមុខ ដោយគ្មានតម្លៃខ្លួន។

យ៉ាងណាមិញ PSG អាចនឹងលំបាកបន្តិចក្នុងការឆក់យក Benzema ចេញពី Real Madrid ត្បិតម្ចាស់អាវលេខ៩រូបនេះ គឺជាសំណព្វចិត្តរបស់អ្នកចាត់ការទូទៅលោក Zinedine Zidane។ ប៉ុន្តែអ្វីៗអាចនឹងកើតឡើងទៅបាន បើសិនជា Real Madrid អាចនាំចូលខ្សែប្រយុទ្ធថ្មីណាម្នាក់ ខណៈបច្ចុប្បន្នពួកគេកំពុងដាក់គោលដៅទៅលើ Harry Kane និង Robert Lewandowski។

គួរឲ្យដឹងដែរថា Benzema នៅរដូវកាលនេះ ចូលលេងឲ្យអធិរាជស Real Madrid បាន៣៦ប្រកួត រកបានគ្រាប់បាល់១៩គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានសម្រេច៩លើក៕