Hudson-Odoi ប្រាប់ Jadon Sancho បដិសេធការផ្លាស់ទៅ Man UTD

0
623

ខ្សែប្រយុទ្ធស្លាបរបស់ Chelsea កីឡាករ Callum Hudson-Odoi បានជំរុញឲ្យ Jadon Sancho បដិសេធការផ្លាស់ទៅ Manchester United ដោយបែរមករួមរស់នៅកីឡដ្ឋាន Stamford Bridge វិញ។

កីឡាករកំពុងរះរបស់ Dortmund រំពឹងថានឹងចាកចេញពីទឹកដីអាល្លឺម៉ង់នៅទីផ្សាររដូវក្ដៅខាងមុខ ក្រោមចំណាយរយៈពេល៣ឆ្នាំទីនោះ ដោយគេចង់ត្រឡប់មកលេងនៅក្នុងប្រទេសអង់គ្លេសវិញ។

បិសាចក្រហម Man UTD ជាបេក្ខភាពឈានមុខក្នុងការយកបានជម្រើសជាតិអង់គ្លេស Sancho ប៉ុន្តែ Chelsea និង Liverpool ក៏ត្រៀមខ្លួនរួចរាល់ក្នុងការប្រជែងមួយនេះផងដែរ។

ជាមួយគ្នានេះ Hudson-Odoi ដែលជាមិត្តជិតស្និទ្ធក្នុងក្រុមជម្រើសជាតិអង់គ្លេសជាមួយ Sancho បាននិយាយថា គេចង់ឲ្យមិត្តរបស់គេម្នាក់នេះមកលេងនៅ Chelsea ជាមួយគ្នា។ ម្ចាស់អាវលេខ២០របស់តោខៀវ បានឲ្យដឹងថា៖

ខ្ញុំនិង Sancho ជិតស្និទ្ធមែនទែន ពួកយើងនិយាយគ្នារាល់ថ្ងៃ ហើយតែងតែតាមដានគ្នាទៅវិញទៅមក។ យើងដឹងថាពួកយើងទាំងពីរនាក់កំពុងធ្វើបានល្អ ហើយគេកំពុងតែធ្វើរឿងអស្ចារ្យជាច្រើន។ ជាក់ស្ដែង គេគឺជាកីឡាករល្អម្នាក់ ខ្ញុំចង់លេងជាមួយគេ។ ពួកយើងគឺជាដៃគូល្អ ហើយការលេងរបស់យើងក៏អស្ចារ្យ។ បើសិនជាគេមក Chelsea នោះទម្រង់លេងនឹងប្រសើរឡើងនៅទីនេះ។

គួរឲ្យដឹងដែរថា​ Sancho គឺជាប្រធានបទក្ដៅសម្រាប់ទីផ្សារលើកនេះ ក្រោយគេបង្ហាញទម្រង់លេងយ៉ាងល្អឲ្យ Dortmund។ ជាក់ស្ដែងគេរកបាន១៧គ្រាប់ ពីការបង្ហាញខ្លួន៣៥ប្រកួតឲ្យ Dortmund ក្នុងនោះគេក៏បានបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានសម្រេច១៩លើកផងដែរ៕