Real Madrid ត្រៀមជះលុយទិញយក Mane ក្នុងតម្លៃ ១៣២លានផោន

0
744

ក្លិបអធិរាជស Real Madrid បានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការផ្ទេរយកខ្សែប្រយុទ្ធជួរមុខរបស់ Liverpool កីឡាករ Sadio Mane មកលេងនៅក្របខណ្ឌ  La Liga នេះបើតាមសេចក្ដីរាយការណ៍។

ខ្សែប្រយុទ្ធជម្រើសជាតិសេណេហ្គាល់ធ្វើបានយ៉ាងល្អជាមួយហង្សក្រហមក្នុងក្របខណ្ឌ Premier League រដូវកាលនេះ ដោយអាចរកបានគ្រាប់បាល់១៤គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានសម្រេច៧លើក។

ទម្រង់លេងយ៉ាងធ្លោនៅប៉ុន្មានរដូវកាលចុងក្រោយមកនេះរបស់ Mane បានធ្វើឲ្យគេក្លាយជាគោលដៅយ៉ាងសំខាន់របស់ក្រុមលោក Zinedine Zidane ហើយមិនត្រឹមតែប៉ុណ្ណោះ ក្លិបអ្នកមានបុណ្យ Barcelona ក៏ជាបេក្ខភាពមួយដែលចង់បានរូបគេផងដែរ។

កាសែតបារាំង France Football បានរាយការណ៍មកថា ទីបំផុត Real Madrid បានដាក់សំណើដល់លើតុហើយ ក្នុងតម្លៃនៃការផ្ទេរ ១៣២លានផោន ខណៈកីឡាករខ្លួនឯងផ្ទាល់ក៏បានបើកចំហរចំពោះការផ្លាស់មកកីឡដ្ឋាន Bernabeu ផងដែរ។

គួរឲ្យដឹងដែរថា Sadio Mane បានផ្លាស់មកពី Southampton មករួមរស់ជាមួយក្រុមលោក Jurgen Klopp កាលពីឆ្នាំ២០១៦ ក្នុងតម្លៃខ្លួនប្រមាណជា ៣៧លានផោន។ សមិទ្ធផលដ៏ធំដែល Mane បានជួយ Liverpool គឺការគ្រងតំណែងជើងឯក UEFA Champions League កាលពីរដូវកាលមុន៕