យោងតាមប្រភពព័ត៌មានក្នុងប្រទេសបារាំងបានឲ្យដឹងថា ក្លិបអធិរាជស Real Madrid ក្លិបអ្នកមានបុណ្យ Barcelona និង កញ្ជ្រោងខៀវ Leicester City កំពុងមានចំណាប់អារម្មណ៍ ក្នុងការចុះកុងត្រាយកខ្សែបម្រើការពាររបស់ក្រុម Arsenal កីឡាករ Matteo Guendouzi។
ជាមួយគ្នានេះ កាសែត Sportsmail បានចេញផ្សាយកាលពីម្សិលមិញថា អ្នកចាត់ការទូទៅក្រុមកាំភ្លើងធំ លោក Mikel Arteta បានត្រៀមរួចរាល់ ក្នុងការបញ្ចេញ Guendouzi នាដំណាច់រដូវកាលនេះ។
លោក Arteta ត្រូវបានគេរាយការណ៍មកថា ហាក់មិនអាចអត់ធ្មត់ នឹងទង្វើររបស់ Guendouzi នៅពេលខ្សែបម្រើរូបនេះ ប៉ះទង្គិចគ្នាជាមួយនឹងខ្សែប្រយុទ្ធ Neal Maupay របស់ក្រុម Brighton កាលពីការប្រកួតក្របខណ្ឌ Premier League ថ្ងៃអាទិត្យកន្លងទៅនេះ។
Guendouzi បានធ្វើការតិះដៀលទៅកាន់ Maupay ដោយលើកឡើងពីប្រាក់ចំណូលដែលកីឡាករ Arsenal រកបានច្រើនជាង បើធៀបទៅនឹង Brighton។
ទន្ទឹមនឹងនេះ បើយោងតាមការចុះផ្សាយរបស់កាសែត Le10sport ក្លិបយក្សអេស្ប៉ាញ Real Madrid និង Barcelona រួមជាមួយក្រុមឡើងកូដនៅលីគកំពូលអង់គ្លេស Leicester City កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះស្ថានភាពរបស់ Guendouzi ជាមួយនឹង Arsenal ដោយក្លិបទាំង៣ នឹងបើកទ្វារចាំទទួលយកខ្សែបម្រើវ័យ២១ឆ្នាំ នៅពេលរូបគេ ដល់ពេលត្រូវចែកផ្លូវគ្នាជាមួយក្រុមនៅភាគខាងជើងទីក្រុងឡុងដ៍។
គួររម្លឹកផងដែរថា Guendouzi ត្រូវបាន Arsenal ចំណាយប្រាក់ ៧លានផោន ផ្ទេរយករូបគេពីក្លិបនៅលីគលំដាប់ទី២របស់បារាំង Lorient កាលពីឆ្នាំ២០១៨ ខណៈកុងត្រារបស់គេនៅកីឡដ្ឋាន Emirates នៅមានសុពលភាព២ឆ្នាំទៀត៕