Real Madrid នឹងមិនលក់កីឡាករជួរមុខរបស់ខ្លួនរូបនេះ នៅរដូវក្ដៅខាងមុខនោះទេ

0
606

យោងតាមការចុះផ្សាយរបស់កាសែត AS ក្លិបអធិរាជស Real Madrid មានគម្រោងរក្សាខ្សែប្រយុទ្ធ Luka Jovic នៅរដូវកាលក្រោយបន្តទៀត។

ប្រភពខាងលើ បានបន្ថែមទៀតថា អ្នកចាត់ការទូទៅលោក Zinedine Zidane នឹងផ្ដល់ឱកាសទៅដល់ខ្សែប្រយុទ្ធវ័យ២២ឆ្នាំ ដោយជឿជាក់ថាអតីតកីឡាករឆ្នើមរបស់ក្រុម Frankfurt រូបនេះ នឹងត្រឡប់មកទម្រង់លេងល្អប្រសើវិញ នៅរដូវកាលបន្ទាប់។

ដំណឹងខាងលើ ហាក់ធ្វើឲ្យ Arsenal ដែលជាក្លិបចង់បាន Jovic មានការខកចិត្ត ដោយក្រុមរហ័សនាម កាំភ្លើងធំ ត្រូវបានគេរាយការណ៍មកថា បានតាមដានពីស្ថានភាពរបស់ខ្សែប្រយុទ្ធសញ្ជាតិស៊ែប៊ី នៅកីឡដ្ឋាន Bernabeu ជាយូរណាស់មកហើយ ដោយមានបំណងចង់បានរូបគេ មកពង្រឹងតំបន់ប្រយុទ្ធ។

យ៉ាងណាមិញ មិនមែនមានតែ Arsenal ទេដែលខកចិត្ត ក្នុងនោះក្លិបយក្សអង់គ្លេស២ទៀត រួមមានក្លិបមាន់ខ្នាយមាស Tottenham Hotspur និង តោខៀវ Chelsea ក៏មានចំណាប់អារម្មណ៍ទៅលើ​ Jovic ផងដែរ។

គួររម្លឹកផងដែរថា Jovic ជាខ្សែប្រយុទ្ធដ៏លេចធ្លោមួយរូប​កាលពីនៅក្លិប Frankfurt។ មុនពេលផ្លាស់មកកាន់​Real Madrid ក្នុងតម្លៃ៥៥លានផោន (ឬប្រមាណ៦៩លានដុល្លារ) កាលពីរដូវក្ដៅឆ្នាំមុន គេស៊ុតឲ្យក្រុមនៅ Bundesliga បាន២៧គ្រាប់ ក្នុងចំណោមការបង្ហាញខ្លួន៤៨ប្រកួត។

ដោយឡែកក្នុងរដូវកាលនេះ គេហាក់សម្របខ្លួនមិនត្រូវ ជាមួយនឹងប្រព័ន្ធលេងរបស់លោក Zidane តួយ៉ាងគេទើបរកបាន២គ្រាប់ប៉ុណ្ណោះ ក្នុងចំណោម២៤ប្រកួត ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិបារាំង៕