Barca, R.Madrid និង Man City ចង់បានរនាំងការពាររបស់ Inter តម្លៃខ្ទង់៨០លាន

0
672

យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្លិប Barcelona, Real Madrid និង Manchester City សុទ្ធតែជាក្លិបដែលមានចំណាប់អារម្មណ៍ ក្នុងការចុះកុងត្រាយកខ្សែការពារកណ្ដាលរបស់ក្រុម Inter Milan កីឡាករ Skriniar នៅទីផ្សារដោះដូររដូវក្ដៅខាងមុខ។

ជម្រើសជាតិស្លូវ៉ាគី ជាខ្សែការពារដ៏លេចធ្លោមួយរូប ក្នុងក្របខណ្ឌ Serie A នាពេលបច្ចុប្បន្ន។ យ៉ាងណាមិញ Inter ត្រូវបានគរាយការណ៍មកថា នឹងមិនបណ្ដោយឲ្យ រនាំងការពារសំខាន់របស់ខ្លួនរូបនេះ ចាកចេញក្នុងតម្លៃទាបនោះទេ។

យោងតាមការចុះផ្សាយរបស់កាសែត Giorno ទម្រង់លេងដ៏ល្អរបស់ Skriniar បានទាក់ចិត្តក្រុម Barca, Man City និង Real Madrid ។ យ៉ាងណាមិញរបាយការណ៍បានបញ្ជាក់ថា Inter នឹងមិនបញ្ចេញកីឡាករឆ្នើម វ័យ២៥ឆ្នាំរូបនេះ ក្រោមតម្លៃ៨០លានអឺរ៉ូ (ឬប្រមាណ ៨៧លានដុល្លារ) នោះឡើយ។

ប្រភពពីកាសែត អ៊ីតាលីបានបន្ថែមទៀតថា Inter ក៏បានរកអ្នកមកត្រៀមជំនួស Skriniar រួចរាល់ហើយ។ ប្រសិនបើម្ចាស់អាវលេខ៣៧ ចាកចេញពីកីឡដ្ឋាន San Siro នោះពួកគេនឹង ដាក់គោលដៅតាមយកខ្សែការពារក្រុម Hellas Verona កីឡាករ Marash Kumbulla មកជំនួស។

គួរឲ្យដឹងដែរថា សម្រាប់រដូវកាលនេះ Skriniar បង្ហញខ្លួនឲ្យក្រុមលោក Antonio Conte បានចំនួន ៣២ប្រកួតគិតរាល់ព្រឹត្តិការណ៍ទាំងអស់ ក្នុងនាមជាខ្សែការពារ គេរួមចំណែករកគ្រាប់បាល់ឲ្យក្រុមបាន១គ្រាប់៕