Ronaldo កើនបៀវត្សជាលំដាប់ពី ២ម៉ឺនដុល្លារ ដល់​២៤៥លានដុល្លារ​ ក្នុងពេល២៣ឆ្នាំ​នៃ​អាជីព

17

កំពូលកីឡាករ Cristiano Ronaldo បានកើនឡើងប្រាក់បៀវត្សខ្លាំង​ពីមួយឆ្នាំទៅមួយឆ្នាំ នៅ​​ក្នុងរយៈពេល ២​​៣​ឆ្នាំ ចុងក្រោយនេះ។ នៅពេល Cristiano Ronaldo មានវ័យ ១៧ឆ្នាំ ​បៀវ​ត្សរបស់គេ ​រក​បានត្រឹមតែ ២ម៉ឺនដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំ ប៉ុន្តែនៅពេលវ័យ ៤០ឆ្នាំ បៀវត្សរបស់កីឡាករវ័យចំណាស់រូបនេះ បានកើនដល់​ ២៤៥លានដុល្លារ ក្នុងមួយឆ្នាំ។

Ronaldo បង្ហាញខ្លួនក្នុងបាល់ទាត់អាជីពលើកដំបូង រដូវកាល ២០០២-០៣ លេងឱ្យក្លិប Sporting Cp ក្នុងប្រទេសកំណើតព័រទុយហ្កាល់ ដោយគេផ្តើមរកបានត្រឹមតែ ២ម៉ឺនដុល្លារ​ប៉ុ​ណ្ណោះ ក្នុងមួយឆ្នាំ។ គិតពីឆ្នាំ ២០០៣-០៦ ក្រោយពីចូលរួមជាមួយនឹងក្រុមខ្លាំងអង់គ្លេស Manchester United ខ្សែប្រយុទ្ធ Ronaldo ហក់ឡើងថ្លៃពលកម្ម ៣លានដុល្លារក្នុង ១ឆ្នាំ។

ចាប់ពីឆ្នាំ ២០០៦-០៩ ប្រាក់បៀវត្សប្រចាំឆ្នាំរបស់អតីតកីឡាករក្រុម Man Utd រូបនេះ បានកើ​នឡើងជាលំដាប់ដល់ ១០លានដុល្លារក្នុងមួយឆ្នាំ ក្រោយពីគេបានបន្ត​កិច្ចសន្យា​បន្ថែម​ជាមួយនឹងក្លិបជើងខ្លាំងអង់គ្លេស កាលនោះ។ អំឡុងពេលលេងឱ្យក្រុមរហស្សនាម​បិសាចក្រហមលើកទីមួយ ពីឆ្នាំ ២០០៣-០៩ Ronaldo រកបានគ្រាប់បាល់ចំនួន ១១៨គ្រាប់ ពីការបង្ហាញខ្លួន ២៩២ប្រកួត ហើយឈ្នះពានរង្វាន់ ៩លើក ក្នុងនោះរួមមាន UEFA Champions League និង Premier League ៣លើក។

ចូលឆ្នាំ ២០០៩ ពេលកីឡាករព័រទុយហ្កាល់ ផ្លាស់ទៅក្លិបយក្សអេស្ប៉ាញ Real Madrid ក្នុងការផ្ទេរមានតម្លៃខ្លួន ៩៧លានដុល្លារ ពីក្លិប Man Utd ហើយពេលនោះហើយធ្វើឱ្យ Ronaldo ក្លាយជាកីឡាករមានតម្លៃខ្លួនផ្ទេរខ្ពស់ជាងគេលើលោកកាលនោះ។ ពីឆ្នាំ ២០០៩-១២ Ronaldo រកបានចំណូល ១៥លានដុល្លារ ក្នុងមួយឆ្នាំ ហើយពីឆ្នាំ ២០១៣-១៨ រូបគេបានកើនប្រាក់ខែច្រើនសន្ធឹកសន្ធាប់ដល់ ២៨លានដុល្លារ ក្នុងមួយឆ្នាំ។

ចាយពេល ៩រដូវកាល លើទឹកដីអេស្ប៉ាញ កំពូលខ្សែប្រយុទ្ធព័រទុយហ្កាល់ ស៊ុតបាល់​បញ្ចូល​ទី ៤៥០គ្រាប់ ក្នុងការបង្ហាញខ្លួន ៤៣៨លើក ឈ្នះពានរង្វាន់កំពូល Ballon d’Or ៤លើក, UEFA Champions League ៤លើក, La Liga ២លើក និង Copa del Rey ចំនួន ២លើក។

បន្តដល់ឆ្នាំ ២០១៨ ជាពេលដែលកីឡាករវ័យ ៤០ឆ្នាំ បានបន្តប្រកបអាជីពនៅទឹកដីអ៊ីតាលី ដោយ Ronaldo បានចូលលេងនៅក្លិប Juventus ហើយដែលគេជាកីឡាករទទួលបាន​ប្រាក់​ខែ​ខ្ពស់ជាងគេប្រចាំក្លិប រកបាន ៣៥លានដុល្លារក្នុងមួយឆ្នាំ។ ប្រើពេល ៣ឆ្នាំ នៅអ៊ី​តា​លី Ronaldo រកបានគ្រាប់ស៊ុតបញ្ចូលទី ១០១គ្រាប់ ពីការបង្ហាញខ្លួន ១៣៤លើក។

នៅខែសីហា ឆ្នាំ ២០២១ ប្រធានក្រុមព័រទុយហ្កាល់ បានវិលត្រឡប់មកកាន់លីគកំពូល​អង់​គ្លេស​ជាលើកទី២ ហើយក៏ជាការលេងឱ្យក្រុមចាស់​ ​Man Utd លើកទ២ ដូចគ្នាដែរ។ Ronaldo ក៏បន្តរកបានប្រាក់ពលកម្មប្រមាណ ៣៥លានដុល្លារក្នុងមួយឆ្នាំដដែលនៅអង់​គ្លេស។

ចាកចេញពីទឹកដីអឺរ៉ុប ក្នុងឆ្នាំ ២០២៣ ខ្សែប្រយុទ្ធវ័យចំណាស់បានផ្លាស់ទៅក្លិប Al Nassr ក្នុង​ប្រទេសអារ៉ាប៊ីសាអូឌីត ដែលធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយរឿងនេះក៏ធ្វើឱ្យ Ronaldo ក្លាយជាកីឡាកររកបានប្រាក់ខែច្រើនជាងគេបំផុតលើពិភពលោក ជាមួយទឹក​ប្រាក់ ២២៧លានដុល្លារ មួយឆ្នាំ។

ពេលថ្មីៗនេះ Ronaldo បានបន្តកិច្ចសន្យាថ្មី ២ឆ្នាំ ជាមួយនឹងក្លិបជើងខ្លាំងអារ៉ាប៊ីសាអូឌីត ហើយក៏បន្តកើនឡើងប្រាក់ពលកម្មរហូតដល់ជាង ២៤៥លានដុល្លារ ក្នុងមួយឆ្នាំ លើសពី នេះក៏​​មាន​លក្ខខណ្ឌបូកបន្ថែម ទៅលើការបង្ហាញខ្លួនល្អក្នុងការប្រកួតថែមទៀតផងដែរ។

ការរកបានចំណូលដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ បានធ្វើឱ្យជីវិតរបស់កំពូលកីឡាករបាល់​ទាត់រូបនេះ រស់នៅក្នុងភាពស្តុកស្តម និងភាពឡូយឆាយលំដាប់មហាសេដ្ឋី។ លើសពី​នេះ​កីឡាករវ័យ ៤០ឆ្នាំ ជាម្ចាស់កម្មសិទ្ធិអចលនទ្រព្យជាច្រើន រថយន្តសេរ៊ីទំនើបៗ ទូកកម្សាន្ត​តម្លៃរាប់លានដុល្លារ យន្តហោះឯកជន និងទ្រព្យសម្បត្តិមានតម្លៃជាច្រើនផ្សេងទៀត៕