Ronaldo មានមហិច្ឆតាចង់ឈ្នះ Ballon d’Or ច្រើនជាង Messi

0
775

មុនការបោះឆ្នោត Ballon d’Or ឆ្នាំ ២០២១ និពន្ធនាយករបស់ France Football បានបង្ហាញពីមហិច្ឆតារបស់ Ronaldo នៅពេលប្រកួតប្រជែងជាមួយ Messi សម្រាប់ពានរង្វាន់នេះ។

Cristiano Ronaldo ប្តេជ្ញាបញ្ចប់អាជីពរបស់ខ្លួនជាមួយនឹង Ballon d’Or ច្រើនជាងគូប្រជែង Lionel Messi នេះបានបែកធ្លាយចេញពីអ្នករៀបចំកម្មវិធីពានរង្វាន់ដ៏មានកិត្យានុភាពនេះ Pascal Ferre និពន្ធនាយកទស្សនាវដ្តី France Football ។

Ferre បានប្រាប់កាសែត New York Times ថា «Ronaldo មានមហិច្ឆតាចង់ចូលនិវត្តន៍ជាមួយនឹង Ballon d’Or ច្រើនជាង Messi»។ «ខ្ញុំដឹងព្រោះគាត់ប្រាប់ខ្ញុំ»។

«ការប្រកួតប្រជែងនេះមិនទាក់ទងនឹងលុយទេ។ វាគ្រាន់តែជាពានរង្វាន់ប៉ុណ្ណោះ។ ប៉ុន្តែការកាន់កាប់មួយបន្ថែមទៀតនឹងមានកេរ្ត៍ឈ្មោះល្បីក្នុងប្រវត្តិសាស្ត្រ។

ខ្ញុំគិតថាប្រសិនបើអ្នកក្រឡេកមើលស្ថិតិរបស់ Messi និង Ronaldo អ្នកឃើញថាពួកគេនៅតែស៊ុតបញ្ចូលទីបានច្រើនក្នុងខែកញ្ញា និងតុលា នៅពេលដែលការបោះឆ្នោតត្រូវបានបញ្ចប់។ វា​មិន​មែន​ជា​រឿង​ចៃដន្យ​ទេ»។

Ronaldo ធ្លាប់ឈ្នះ Ballon d’Or ៥ដង ចំណែក Messi មាន៦លើក មុនពេលពានរង្វាន់ឆ្នាំនេះត្រូវបានប្រកាស ហើយអ្នកទាំងពីរសុទ្ធតែស្ថិតក្នុងបញ្ជីបេក្ខភាពចំនួន៣០រូប។

Ballon d’Or ឆ្នាំ 2021 នឹង​ត្រូវ​ប្រកាស​ក្នុង​ពិធី​មួយ​ក្នុង​ទីក្រុង​ប៉ារីស​យប់​នេះ។ ពាក្យចចាមអារ៉ាមអំពីអ្នកឈ្នះបានបន្តរីករាលដាលនៅប៉ុន្មានថ្ងៃកន្លងមកនេះ ប៉ុន្តែ Ferre ទទូចថាលទ្ធផលនៅតែរក្សាយ៉ាងសម្ងាត់ ទោះបីជាគាត់ដឹងរួចហើយថាអ្នកណាឈ្នះក៏ដោយ។

«នេះ​ជា​ឆ្នាំ​ទី​ប្រាំមួយ​របស់​ខ្ញុំ​ដែល​ទទួល​បន្ទុក​ព្រឹត្តិការណ៍​នេះ។ ខ្ញុំ​មិន​ទាន់​បាន​បង្ហាញ​ព័ត៌មាន​ណា​មួយ​នៅ​ឡើយ​ទេ។ ខ្ញុំ​មិន​អាច​ចែក​ឈ្មោះ​ពួក​គេ​បាន​ទេ ព្រោះ​ពិធី​នេះ​មិន​ទាន់​បាន​រៀបចំ​ឡើង​នៅ​ឡើយ​ទេ»៕