ខ្សែប្រយុទ្ធ Mbappe ត្រូវរងរមួសជើងធ្ងន់ធ្ងរកាលពីយប់មិញ ពេល PSG ប៉ះជាមួយ Saint-Étienne

0
627

នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ French Cup យប់មិញនេះ កីឡាករឆ្នើម Kylian Mbappe ត្រូវបានដូរចេញនៅនាទីទី២៦ ដោយសារត្រូវរបួសកជើងធ្ងន់ធ្ងរ ក្រោយប្រធានក្រុមរបស់ក្លិប Saint-Étienne លូកជើងទៅស្កាត់បាល់របស់ជម្រើសជាតិបារាំងរូបនេះ។

យ៉ាងណាមិញក្លិប Paris Saint-Germain បានក្លាយជាម្ចាស់ជើងឯកនៃពានរង្វាន់ French Cup នៅរដូវកាល​ ក្រោយយកឈ្នះក្លិប Saint-Étienne ក្នុងលទ្ធផល១ទល់នឹង០​ ដោយការស៊ុតរបស់កីឡាករ Neymar នៅនាទី ទី១៤។ ប៉ុន្តែក្នុងនោះ PSG មិនសូវសប្បាយចិត្តប៉ុន្មាន​ទេ ដោយសារតារាឆ្នើមរបស់ក្លិប គឺកីឡាករ Mbappe ត្រូវទទួលរងរបួសធ្ងន់បែបនេះ។

ដោយឡែកនៅមិនទាន់មានព័ត៌មាននៅឡើយទេ ថាតើរបួសរបស់ Mbappe ត្រូវប្រើរយៈពេលប៉ុន្មាន ដើម្បីព្យាបាលនោះ។ ស្របពេលជាមួយគ្នានេះ PSG ក៏កំពុងមានក្ដីបារម្ភជាខ្លាំងផងដែរ ដោយខ្លាចកីឡាកររូបនេះ មិនអាចចូលលេងឲ្យក្លិបនៅក្នុងពានរង្វាន់ធំៗចំនួន២ទៀត គឺពាន League Cup របស់បារាំងនៅវគ្គផ្តាច់ព្រ័ត្រ ដែលត្រូវប៉ះជាមួយក្លិប Lyon និងពាន UEFA Champions League ដែលត្រូវប៉ះជាមួយក្លិប Atalanta នៅវគ្គ៨ក្រុមចុងក្រោយនោះ។ គួរឲ្យដឹងទៀតថា ក្លិបអ្នកមានរបស់បារាំងមួយនេះ បានដាក់គោលដៅយកពានធំៗឲ្យបាន៤នៅរដូវកាលនេះ៕