លោក Solskjaer ដាស់តឿនកូនក្រុមឲ្យបង្កើនការប្រុងប្រយ័ត្នទៅលើកីឡាករឆ្នើមម្នាក់ ក្នុងជំនួបទល់នឹងក្រុម Aston Villa យប់នេះ

0
721

អ្នកចាត់ការទូទៅក្រុមបិសាចក្រហម Manchester United លោក Ole Gunnar Solskjaer បានដាស់តឿនកូនក្រុមរបស់លោក ឲ្យបង្កើនការប្រុងប្រយ័ត្ន ទៅលើកីឡាករ Jack Grealish ក្នុងជំនួបទល់នឹងក្រុម Aston Villa នារាត្រីថ្ងៃព្រហស្បតិ៍នេះ។

Grealish រកបាន៧គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន៦ដង នៅក្របខណ្ឌ​ Premier League រដូវកាលនេះ ដោយរូបគេជាកីឡាករ ដ៏លេចធ្លោម្នាក់ របស់ក្រុម Aston Villa ហើយក៏ជាគោលដៅនាំចូលរបស់ក្រុម Man UTD នៅទីផ្សារដោះដូររដូវក្ដៅខាងមុខនេះផងដែរ។

យ៉ាងណាមិញ មុនការប្រកួតទល់នឹងក្រុម Aston Villa មកដល់ លោក Solskjaer បានផ្ដាំផ្ញើរកូនក្រុម មិនត្រូវធ្វេសប្រហែសទៅលើ Grealish នោះទេ ដោយម្ចាស់អាវលេខ១០រូបនេះ ធ្លាប់រកបាន១គ្រាប់ កាលពីជំនួបជើងទី១ស្មើគ្នា ២ទល់នឹង២ នៅទឹកដី Old Trafford។

គ្រូបង្វឹកសញ្ជាតិន័រវែសបានថ្លែងក្នុងសន្និសីទកាសែត កាលពីថ្ងៃពុធម្សិលមិញថា៖

ខ្ញុំគិតថា កាលពីប្រកួតលើកមុន ពួកគេបានធ្វើឲ្យយើងមានបញ្ហាខ្លះដែរ ទាំង Grealish នៅខាងឆ្វេងនិង [Anwar] El Ghazi នៅខាងស្តាំ។ គាត់ (Grealish) ស៊ុតបញ្ចូលទីអស្ចារ្យណាស់ ហើយមានមនុស្សជាច្រើននិយាយអំពីគាត់ ដូច្នេះពួកយើងត្រូវយកចិត្តទុកដាក់ទៅលើគាត់។ Grealish អាចទាក់ទាញខ្សែការពារ ដើម្បីបង្កើតកន្លែងទូលាយសម្រាប់កីឡាករផ្សេងទៀតបាន ហើយមិនមែនមានតែគាត់ម្នាក់ទេ នៅ Aston Villa ដែលល្អ​ នៅមានច្រើននាក់ទៀត។

គួរឲ្យដឹងដែរថា បច្ចុប្បន្ន​ Man UTD កំពុងឈរលេខ៥ នៅលើតារាង Premier League ក្រោយ៣៣ប្រកួតកន្លងទៅ រកបាន៥៥ពិន្ទុ មានគម្លាតពីក្រុមលេខ៤ Leicester City ចំនួន៤ពិន្ទុ និងក្រុមលេខ៣ Chelsea ៥ពិន្ទុ៕