ពេលកីឡាករ Timo Werner អះអាងនូវការចាកចេញដែលជិតកើតឡើងរបស់់ខ្លួនពីក្រុម RB Leipzig ទៅក្រុម Chelsea ការលើកឡើងយ៉ាងនេះយ៉ាងនោះ កើនឡើងជាងរាល់ដងចំពោះការនិរទេសខ្លួនពីប្រទេសកំណើតរបស់ខ្សែប្រយុទ្ធ ១ រូប ក្នុងចំណោមខ្សែប្រយុទ្ធដ៏គួរឲ្យខ្លាចរបស់អឺរ៉ុបរូបនេះ។
ក្រុម Chelsea ហ៊ានផ្ដល់ ៦០ លានអឺរ៉ូ ($៦៧ លាន) សម្រាប់តម្លៃផ្ដាច់កុងត្រារបស់កីឡាករ Werner ទោះមានវិបត្តិសេដ្ឋកិច្ចដោយសារការរាលដាលវីរុសកូរ៉ូណាក៏ដោយ ខណៈកីឡាករសញ្ជាតិអាល្លឺម៉ង់ មានព័ត៌មានជាហូរហែជាមួយក្រុម Liverpool ក្រោយមានការចាប់អារម្មណ៍ពីសំណាក់អ្នកចាត់ការ Jurgen Klopp។
យ៉ាងណាក្រុម Liverpool ដោយបារម្ភពីការប៉ះពាល់ផ្នែកហិរញ្ញវត្ថុ ទើបខ្លួនមិនចង់ចំណាយនូវទឹកប្រាក់មហាសាលទិញ Werner ឡើយ។ តែក្រុម Chelsea ដែលត្រៀមបន្ថែមអាវុធខ្លះដល់តំបន់ប្រយុទ្ធរបស់លោក Frank Lampard បានសម្លឹងឱកាសទិញខ្សែប្រយុទ្ធលំដាប់អន្តរជាតិរូបនេះ។
Werner វ័យ ២៤ ឆ្នាំ រកបាន ៣១ គ្រាប់ហើយ នៅគ្រប់កម្មវិធីប្រកួតទាំងអស់រដូវកាលនេះ រួមទាំង ៤ គ្រាប់ក្នុងការប្រកួត ៥ លើកនៅ Bundesliga ដែលចាប់ផ្ដើមឡើងវិញនាខែមុន ហើយការស៊ុតបញ្ចូលទីមិនសូវដាច់នេះ Werner ដែលមានរហស្សនាមថា «Turbo Timo» (កម្លាំងម៉ាស៊ីន Timo) បានបង្ហាញថា រូបគេអាចទៅបង្កបញ្ហាឲ្យខ្សែការពាររបស់ក្រុមនៅក្របខ័ណ្ឌ Premier League របស់អង់គ្លេស។
លោក Michael Ballack ដឹងច្បាស់ពីអ្វី ដែលធ្វើឲ្យលេចធ្លោនៅ Premier League បន្ទាប់ពីលោកសម្រេចចេញពីអាល្លឺម៉ង់មកអង់គ្លេស ហើយអតីតខ្សែបម្រើរបស់ក្រុម Chelsea និង Bayern រូបនេះជឿថា មិត្តរួមជាតិរបស់ខ្លួន Werner នឹងអាចមានសមត្ថភាពក្នុងការសម្របខ្លួនជាមួយបាល់ទាត់នៅអង់គ្លេសបានដូចគ្នា។
លោក Ballack ថា៖ «វាជាការសម្រេចដ៏ប្រសើរសម្រាប់ភាគីទាំង ២។ សម្រាប់ Werner គេស័ក្ដិសមនៅទីនោះ ព្រោះរបៀបលេងរបស់ក្រុម Chelsea សមនឹងរូបគេ។ គេមានសម្ទុះលឿន និងរាងកាយរឹងមាំ។ គេនឹងស៊ាំជាមួយក្រុមយ៉ាងឆាប់បំផុត»៕