Dybala ថាជារឿងល្អ បើបានលេងឲ្យក្លិបយក្សនៅអេស្ប៉ាញមួយនេះ

0
793

ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមសេះបង្កង់ Juventus កីឡាករ Paulo Dybala បានបង្ហើបថា វាជាពិតជារឿងល្អ ដែលលេងឲ្យក្លិប Barcelona ប៉ុន្តែការលើកឡើងបែបនេះ មិនមែនមានន័យថា រូបគេចង់ផ្លាស់ទៅកីឡដ្ឋាន Camp Nou នោះទេ ដោយរូបគេ នៅតែរង់ចាំ ការផ្ដល់កុងត្រាថ្មី ពីក្លិបយក្សអ៊ីតាលី។

ទាក់ទិនទៅនឹងរឿងខាងលើ Dybala បាននិយាយលម្អិត ប្រាប់ CNN យ៉ងដូច្នេះថា៖

ជាការពិតណាស់ Barcelona ជាក្លិបដ៏ធំមួយនៅលើពិភពលោក ហើយ Messi នៅទីនោះ គឺធ្វើឲ្យក្លិបមួយនេះ កាន់តែធំទៅទៀត។ វាពិតជាល្អ បើបានលេងនៅទីនោះ ប៉ុន្តែ Juventus ក៏ជាក្លិបដ៏អស្ចារ្យមួយដែរ ធំណាស់ ហើយពោរពេញទៅដោយប្រវត្តិសាស្រ្ត មិនត្រឹមតែប៉ុណ្ណោះ បច្ចុប្បន្ន ក៏សម្បូរកីឡាករឆ្នើមៗ។

ជម្រើសជាតិអាហ្សង់ទីន រូបនេះ បានបន្ថែមទៀតថា៖

កុងត្រារបស់ខ្ញុំ នៅសល់រយៈពេល១ឆ្នាំកន្លះទៀតប៉ុណ្ណោះ មិនច្រើននោះទេ។ ខ្ញុំពិតជាយល់ ថាស្ថានភាពបច្ចុប្បន្ន វាមិនងាយស្រួលទេ សម្រាប់ក្លិប ប៉ុន្តែមានមិត្តរួមក្រុមមួយចំនួន បានទទួលកុងត្រាថ្មីរួចហើយ ចំណែកឯខ្ញុំក៏កំពុងរង់ចាំដែរ។ ជាក់ស្ដែងខ្ញុំជាកីឡាកររបស់ក្លិបមួយនេះ ហើយខ្ញុំពិតជារីករាយនៅទីនេះ។ មនុស្សជាច្រើនស្រលាញ់ចូលចិត្តខ្ញុំ ហើយខ្ញុំក៏ស្រលាញ់ពួកគេដែរ។

គួររម្លឹកផងដែរថា Dybala បានផ្លាស់មករួមរស់ជាមួយ Juventus តាំងពីឆ្នាំ២០១៣មកម្ល៉េះ។ គិតមកទល់ពេលនេះ គេបង្ហាញខ្លួនឲ្យក្រុមរហស្សនាមសេះបង្កង់ បាន២១៦ប្រកួត ក្នុងនោះគេរួមចំណែកជួយក្រុមឈ្នះពាន Serie A បាន៤ដង, ពាន Italian Cup ៣ដង និង ពាន Italian Super Cup ចំនួន២ដង៕