កីឡាករ timo werner រកបាន​៣​គ្រាប់​ពេល​ក្រុម rb leipzig បំបាក់​ក្រុម mainz ៥-០​នៅ bundesliga

0
604
Leipzig's Timo Werner in action with 1.FSV Mainz 05's Moussa Niakhate during a German Bundesliga soccer match between FSV Mainz 05 and RB Leipzig in Mainz, Germany, Sunday, May 24, 2020. (Kai Pfaffenbach/pool via AP)

ខ្សែប្រយុទ្ធ Timo Werner រកបាន​៣​គ្រាប់​ម្នាក់ឯង ពេលដែល​ក្រុម RB Leipzig បំបាក់​ក្រុម Mainz ៥-០​កាលពី​ថ្ងៃអាទិត្យ ដើម្បី​ឡើងមក​ឈរ​នៅ​លេខ​រៀង​ទី​៣​នៅលើ​តារាង Bundesliga ក៏ដូចជា​ធ្វើ​ឲ្យ​ក្តីសង្ឃឹម​នៃ​ការ​ឈ្នះ​ជើងឯក​បាល់ទាត់​កំពូល​អាល្លឺម៉ង់​របស់​ពួកគេ​រស់រាន​ឡើងវិញ​។

កីឡាករ Werner​ វ័យ​២៤​ឆ្នាំ បាន​និយាយប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា លោក​ពិតជា​សប្បាយរីករាយ​ខ្លាំងណាស់​ចំពោះ​ការរកបាន​គ្រាប់​បាល់​ទាំងនេះ។

បច្ចុប្បន្ន​ក្រុម​របស់លោក Julian Nagelsmann មាន​៧​ពិន្ទុ​តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Bayern Munich មុនពេល​ជំនួប​រវាង​ក្រុម​កំពូល​តារាង​របស់​ពួកគេ ជាមួយ​ក្រុម Borussia Dortmund នៅ​ថ្ងៃ​អង្គារ។

ក្រុម Leipzig ទើបតែ​ទាត់​ស្មើ​ជាមួយ​ក្រុម Freiburg កាលពី​ចុង​សប្តាហ៍​កន្លងទៅ នៅ​ការប្រកួត​លើកដំបូង ចាប់តាំងពី​ការបិទ​ប្រទេស​ដោយសារ​ការរីក​រាល​ដាល​ឆ្លង​សកល​នៃ​ជំងឺ COVID-19 ។

កីឡាករ Werner ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការផ្ទេរ​ទៅកាន់​ក្លិប​ធំៗ​បំផុត​ជាច្រើន​នៅ​អឺរ៉ុប​នោះ រកបាន​២៤​គ្រាប់​នៅ Bundesliga ក្នុង​រដូវ​កាល​នេះ ដែល​រួមទាំង​ការរកបាន​៣​គ្រាប់​ចំនួន​២​លើក។

ដោយឡែក កីឡាករ Lewandowski រកបាន​គ្រាប់​បាល់ League​ទី​២៧​របស់គាត់​ក្នុង​រដូវ​កាល​នេះ​ផងដែរ ពេលដែល​ក្រុម Bayern Munich​ឈ្នះ​ក្រុម Eintracht Frankfurt ៥-២​កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅ៕