U23 កម្ពុជា ត្រូវស្វាគមន៍ទីម័រខាងកើតជាការប្រកួតចុងក្រោយដើម្បីចូលទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ

0
598

U23 កម្ពុជា ត្រូវស្វាគមន៍ទីម័រខាងកើត សម្រាប់ជំនួបចុងក្រោយពូល A នៃពានរង្វាន់ AFF U23 Championship 2022 នាវេលាម៉ោង៧ល្ងាចថ្ងៃអាទិត្យ នេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ខណៈដែលហ្វីលីពីន តទល់ជាមួយព្រុយណេ នៅកីឡដ្ឋានព្រីនស៍។

ជាជំនួបដែលកម្ពុជា មិនអាចភ្លាត់ស្នៀតចាញ់ទីម័រខាងកើតនោះឡើយ ពីព្រោះបរាជ័យអាចឲ្យក្រុមបាត់បង់ ឱកាសទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បើទោះបីជាបានឈ្នះពីរប្រកួតកន្លងមកក៏ដោយ។ ទោះបីជាយ៉ាងណាក៏ដោយ លទ្ធផលត្រឹមស្មើគ្នា ល្មមគ្រប់គ្រាន់ហើយសម្រាប់កម្ពុជាក្នុងការរក្សាតំណែងលេខ១ពូល A។

U23 កម្ពុជា ដែលដឹកនាំបញ្ជាផ្ទាល់ដោយលោក Keisuke Honda បានយកឈ្នះព្រុយណេ ៦-០ និងបន្តស៊ីហ្វីលីពីន ១-០ នៅក្នុងពូល A ខណៈទីម័រខាងកើត ស្មើហ្វីលីពីន ២-២ និងឈ្នះព្រុយណេ ៣-១។ ខណៈព្រុយណេ និងហ្វីលីពីន បានហាលអាវដោយស្វ័យប្រវត្តិ កម្ពុជា និងទីម័រខាងកើត បន្តប្រជែងកៅអីទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

សូមបញ្ជាក់ថា ក្រុមដល់ទៅពីរនៅក្នុងពូល B គឺឥណ្ឌូណេស៊ី និងមីយ៉ាន់ម៉ា បានដកខ្លួនជាបន្តបន្ទាប់ ដែលធ្វើក្រុមឡាវ និងម៉ាឡេស៊ី ត្រូវប៉ះគ្នាពីរជើង សម្រាប់កៅអីទៅវគ្គបន្ត ខណៈឡាវ មានប្រៀប ២-១ នៅជើងទីមួយ។

នៅក្នុងពូល C ឯណោះវិញ វៀតណាម បានយកឈ្នះសិង្ហបុរី ៧-០ កាលពីល្ងាចថ្ងៃសៅរ៍ នៅកីឡដ្ឋានព្រីនស៍។ វៀតណាម ត្រូវប្រជែងលេខ១ក្នុងពូលជាមួយថៃនៅថ្ងៃទី២២ ខែកុម្ភៈ ដោយថៃក៏បានយកឈ្នះព្រុយណេ ៣-១ ផងដែរនាការប្រកួតកន្លងមក។

សម្រាប់លក្ខន្តិកៈថ្មី ក្រុមលេខ២ឆ្នើមតែមួយក្រុមប៉ុណ្ណោះ ដែលអាចឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយក្រុមកំពូលតារាងនៃពូលនីមួយៗ ហើយប្រៀបតែក្រុមក្នុងពូល A និងពូល C ប៉ុណ្ណោះ។ ចំពោះពូល A លទ្ធផលជាមួយក្រុមលេខ៤មិនត្រូវបានយកទៅបូកបញ្ចូលដើម្បីប្រៀបធៀបឡើយ។

កត្តានេះ នាំឲ្យកម្ពុជា ត្រូវតែរកបានពិន្ទុដាច់ខាតក្នុងជំនួបចុងក្រោយពូល A ជាមួយទីម័រខាងកើត ដើម្បីលើកទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពីរលើកជាប់គ្នានៅលើទឹកដីខ្លួនឯង ដោយមិនចាំបាច់រង់ចាំអ៊ុតលទ្ធផលរវាងក្រុមថៃ និងវៀតណាម នៅក្នុងពូល C។

នេះជាការជួបគ្នាលើកដំបូងរវាងកម្ពុជា និងទីម័រខាងកើតនៅក្នុងព្រឹត្តិការណ៍ AFF U23 Championship។ ពីរប្រកួតកន្លងមក កម្ពុជាប្រើប្រាស់ជម្រើស១១នាក់ដំបូងដូចគ្នា។ កីឡាករ៦រូបគឺ សៀង ចន្ធា, ញាណ សុស៊ីដាន, សារ ទី, តាំង ប៊ុនឆៃ, ស រតនា និងណារ៉ុង កក្កដា ស៊ុតបាល់បញ្ចូលទីម្នាក់១គ្រាប់នាជ័យជម្នះ ៦-០ លើព្រុយណេ ហើយ ស៊ិន សុវណ្ណមករា ជាអ្នកនាំជ័យជម្នះ១-០ លើហ្វីលីពីន។

ដោយឡែកទីម័រខាងកើត ខ្សែប្រយុទ្ធ Mouzinho Barreto ជាកម្លាំងដ៏សំខាន់ ដោយគេបានរកគ្រាប់បាល់បញ្ចូលទីពីរប្រកួតជាប់គ្នា ដោយ១គ្រាប់នាពេលស្មើហ្វីលីពីន ២-២ និង១គ្រាប់នាពេលយកឈ្នះព្រុយណេ ៣-១៕