គ្រូបង្វឹក Ryu Hirose របស់ក្រុមជម្រើសជាតិកម្ពុជាបានទទួលស្គាល់ថាកីឡាករបានលេងដោយអស់ពីសមត្ថភាពក្នុងការប្រកួតជាមួយក្រុមវៀតណាមកាលពីល្ងាចម្សិលមិញ។
មិនមែនជាអ្វីដែលគួរឲ្យភ្ញាក់ផ្អើលទេដែលក្រុមកម្ពុជាមិនអាចយកឈ្នះលើក្រុមវៀតណាម។ ការចាញ់ ០-៤ បានបង្ហាញពីភាពខុសគ្នានៃចំណាត់ថ្នាក់រវាងកម្ពុជា និងក្រុមកំពូលនៅអាស៊ីអាគ្នេយ៍ដូចជាវៀតណាម។
ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួត គ្រូបង្វឹក Ryu Hirose របស់កម្ពុជាបានចែករំលែកថា៖ «យើងចង់បង្ហាញពីអ្វីដែលកម្ពុជាអាចធ្វើបានក្នុង AFF Cup នេះ។កីឡាករយើងលេងមានបច្ចេកទេសត្រឹមត្រូវ ដែលជារឿងល្អ ហើយមានពេលខ្លះកីឡាករយើងធ្វើមិនបានល្អ យើងបានធ្លាក់ចុះនៃទម្រង់លេង។ នោះប៉ះពាល់ដល់លទ្ធផលនៃការប្រកួតជាមួយនឹងក្រុមវៀតណាម»។
«យើងបានព្យាយាមគ្រប់គ្រងបាល់តាមដែលយើងអាចធ្វើបាន និងអភិវឌ្ឍការលេងរបស់យើង ប៉ុន្តែក្រុមវៀតណាមបានដាក់សម្ពាធខ្លាំងពេកមកលើយើង។ កីឡាកររបស់ខ្ញុំខ្វះការផ្តោតអារម្មណ៍ក្នុងស្ថានភាពខ្លះ ហើយយើងចាញ់ការប្រកួត»។ គ្រូបង្វឹក Hirose បានបន្ថែមយ៉ាងដូច្នេះ។
អ្នកយុទ្ធសាស្ត្រជប៉ុនរូបនេះបាននិយាយថា កីឡាករបានប្រមូលបទពិសោធន៍ច្រើនបន្ទាប់ពីបានចូលរួមក្នុង AFF Cup 2020៖ «ទោះបីជាចាញ់៣ប្រកួតក៏ដោយ កីឡាករក្មេងៗបានប្រមូលបទពិសោធន៍ ទាំងនោះគឺជាវត្ថុមានតម្លៃសម្រាប់កីឡាករ។ ពេលខ្លះយើងលេងបានល្អ ពេលខ្លះយើង មិនបានល្អទេ ប៉ុន្តែខ្ញុំជឿថាខ្ញុំបានរកឃើញអ្វីមួយបន្ទាប់ពីនោះ»។
ក្នុងការប្រកួតក្នុងពេលដំណាលគ្នានឹងការប្រកួតវៀតណាម-កម្ពុជា ឥណ្ឌូនេស៊ីបានយកឈ្នះម៉ាឡេស៊ី ៤-១ ដើម្បីឈ្នះឡើងទៅវគ្គបន្តក្នុងពូល B និងត្រូវជួបសិង្ហបុរីនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ចំណែកក្រុមវៀតណាមបានចំណាត់ថ្នាក់តាមពីក្រោយ ដូច្នេះហើយពួកគេត្រូវតទល់ជាមួយក្រុមថៃដើម្បីបានសំបុត្រទៅកាន់វគ្គផ្តាច់ព្រ័ត្រ។
ក្រុមកម្ពុជាឈរលេខរៀងទី៤ក្នុងពូល B AFF Cup ២០២០ ពេលឈ្នះឡាវមួយប្រកួត និងចាញ់៣ប្រកួតទៅលើឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងវៀតណាម៕