លោក Andre Villas-Boas នឹងចាប់ផ្ដើមធ្វើជាគ្រូបង្វឹកក្រុម Olympique de Marseille (OM) ជាថ្មីម្ដងទៀត នៅរដូវកាលក្រោយ។ នេះបើតាមការប្រកាសរបស់ក្លិបនៅបារាំងមួយនេះ កាលពីថ្ងៃចន្ទ បើទោះជាមានសេចក្ដីរាយការណ៍យ៉ាងច្រើនពីបុរសព័រទុយហ្គាល់រូបនេះ ប្រុងនឹងចាកចេញក្រោយធ្វើតួនាទីនេះបានរយៈពេល ១ ឆ្នាំ។
ពាក់ព័ន្ធនឹងបញ្ហានេះ ក្លិប Marseille បានប្រាប់ AFP ថា៖ «ក្រោយពីមានការជជែកពិភាក្សាប៉ុន្មានថ្ងៃនេះ ជាមួយលោក Frank McCourt និង លោក Jacques-Henri Eyraud រួចមក លោក Andre Villas-Boas អះអាងថា លោកបន្តការងារជាមួយ OM រដូវកាលក្រោយទៀត»។
សប្តាហ៍មុន ក្រុម Marseille បានស្នើឲ្យលោក Villas-Boas បន្តកុងត្រារយៈពេល ២ ឆ្នាំទៀត លើកិច្ចសន្យារបស់លោក ដែលមានស្រាប់រហូតដល់ចុងរដូវកាលក្រោយ នៅពេលមានភាពមិនច្បាស់លាស់កាន់តែច្រើនឡើង ចំពោះអនាគតរបស់គាត់ ជាមួយក្លិបបន្ទាប់ពីមានការចាកចេញរបស់ជំនួយការលោក និងនាយកកីឡា លោក Andoni Zubizarreta។
បុរសមានវ័យ ៤២ ឆ្នាំ លោក Villas-Boas បានដឹកនាំក្រុមអតីតម្ចាស់ជើងឯកអឺរ៉ុប Marseille ឲ្យឈរនៅចំណាត់ថ្នាក់ទី២ ពីក្រោយក្រុម Paris Saint-Germain ក្នុងតារាងក្របខ័ណ្ឌ Ligue 1 ដែលត្រូវបានប្រកាសបញ្ចប់នៅមុននេះ ដោយសារការរាតត្បាតពីវីរុសកូរ៉ូណា។ ដូច្នេះ Marseille ដែលមានលោកមហាសេដ្ឋីសញ្ជាតិអាមេរិក Frank McCourt ជាម្ចាស់នោះ ត្រូវរៀបចំត្រៀមលេងនៅក្របខ័ណ្ឌកំពូលអឺរ៉ុប Champions League រដូវកាលក្រោយ ដែលជាលើកដំបូង តាំងពីរដូវកាល ២០១៣-២០១៤ មក។
អតីតអ្នកដឹកនាំក្រុម Porto, Chelsea និង Tottenham Hotspur រូបនេះ បានបង្ហាញនូវការបារម្ភអំពីលទ្ធភាពរបស់ក្លិប ក្នុងការហ៊ានទិញកីឡាករថ្មីល្អៗ រដូវកាលក្រោយ ហើយការអះអាងថា លោក Villas-Boas ដែលទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ នឹងនៅតែធ្វើតួនាទីរបស់ខ្លួន កើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយក្រុមអ្នកគាំទ្របានធ្វើការរិះគន់ចំពោះក្រុមប្រឹក្សា ពីអ្វីដែលពួកគេហៅថា៖ «ឆ្នាំគ្រប់គ្រងឥតប្រយោជន៍»។
អ្នកគាំទ្ររិះគន់ចំពោះវិធីសងត្រឡប់ទៅអ្នកទិញសំបុត្រ ដែលមិនមានការប្រកួតមើល ក្រោយរដូវកាល ត្រូវបញ្ចប់មុនពេលកំណត់ ហើយជម្រើសមួយ ដែលក្លិបលើកឡើង គឺសុំឲ្យម្ចាស់សំបុត្រទាំងអស់ហ្នឹង កុំយកសំណងអី ដោយព្រមបរិច្ចាគលុយហ្នឹង ដើម្បីជួយសង្គ្រោះវិបត្តិហិរញ្ញវត្ថុរបស់ក្លិបជំនួសវិញ។
អ្នកគាំទ្រសរសេរក្នុងសេចក្តីថ្លែងការណ៍រួមមួយថា៖ «វាហាក់ដូចជាសមហេតុផលសម្រាប់យើងពី ១ ខែមុន ក្នុងការផ្តល់ប្រាក់នេះ ដើម្បីជួយក្លិបក្នុងអំឡុងពេលដ៏លំបាកនេះ។ តែទោះយ៉ាងណាក៏ដោយ ក៏របាយការណ៍តាំងពីពេលនោះមកនាំឲ្យមានសំណួរចំពោះបញ្ហានេះ។ ច្បាស់ណាស់ យើងកំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុ ព្រោះការគ្រប់គ្រងមិនបានល្អច្រើនឆ្នាំ»។
សេចក្ដីថ្លែងការណ៍រួមនេះ បន្តថា៖ «ជាការងាយស្រួល ដែលសុំជំនួយពីអ្នកគាំទ្រផ្នែកហិរញ្ញវត្ថុ ខណៈប្រធានគ្មានលទ្ធភាពពិនិត្យមើលមនុស្សក្នុងបន្ទប់សម្លៀកបំពាក់ ដែលទារប្រាក់ខែខ្ពស់»៕