ក្លិប Newcastle បើកកិច្ចចរចា ផ្ទេរយកកីឡាករឆ្នើមរបស់ Liverpool គឺ Xherdan Shaqiri

0
559

យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្លិបសារិការព្រៃ Newcastle United កំពុងធ្វើការចរចាផ្ទេរយកខ្សែបម្រើស្លាបរបស់ក្រុមហង្សក្រហម Liverpool កីឡាករ Xherdan Shaqiri។

Shaqiri ត្រូវបានគេមើលឃើញថា ហាក់មិនសូវបានចូលលេងជាប់លាប់ក្រោមការដឹកនាំរបស់លោក Jurgen Klopp នោះទេ។ ជាក់ស្ដែង ក្នុងរដូវកាលនេះ ខ្សែបម្រើស្លាបកម្ពស់ ១,៦៩ម៉ែត្រ រូបនេះ បង្ហាញខ្លួនឲ្យ Liverpool បាន១០ប្រកួតប៉ុណ្ណោះ គិតរាល់ព្រឹត្តិការណ៍ទាំងអស់។

យោងតាមការចុះផ្សាយរបស់កាសែត Dailymail កុងត្រារបស់ជម្រើសជាតិស្វីស ជាមួយនឹង Liverpool នៅមានសុពលភាពរហូតដល់ឆ្នាំ២០២៣ ប៉ុន្តែក្លិបជើងឯក Champions League រដូវកាលមុន មិនមានគម្រោងរក្សា Shaqiri រហូតដល់ផុតកិច្ចសន្យានោះទេ ដោយកំពុងរៀបចំបញ្ចេញរូបគេ នៅរដូវក្ដៅខាងមុខ ដើម្បីប្រមែលប្រមូលលុយផ្ទេរយកខ្សែប្រយុទ្ធ Timo Werner ពីក្រុម RB Leipzig។

ប្រភពដដែលបានបន្ថែមទៀតថា ទន្ទឹមនឹង Liverpool ចង់វ៉ៃចេញ ពេលនេះក្លិប Newcastle បានធ្វើការទាក់ទងចរចា ជាមួយតំណាងរបស់ Shaqiri ជុំវិញលទ្ធភាពនៃការផ្ទេរ ម្ចាស់អាវលេខ២៣ មកកាន់កីឡដ្ឋាន St. James’ Park។

គួរឲ្យដឹងដែរថា ចាប់តាំងពី Shaqiri ផ្លាស់ចេញពីក្រុម Stoke City ផ្ទេរមកកីឡដ្ឋាន Anfield កាលពីរដូវក្ដៅ ឆ្នាំ២០១៨មក គេបង្ហាញខ្លួនឲ្យក្រុមលោក Klopp សរុបាន ៤០ប្រកួត ក្នុងនោះគេស៊ុតបញ្ចូលទីបាន៧គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន៥ដង៕