Frank បានប្រាប់ក្លិបចាស់របស់លោកឲ្យបំភ្លេច Coutinho រួមតាមទិញគោលដៅរបស់ Liverpool ម្នាក់នេះវិញ

0
584

អតីតខ្សែការពារក្រុមតោខៀវ Chelsea លោក Frank Lebouef បានប្រាប់ក្លិបចាស់របស់លោក ឲ្យបំភ្លេចរឿង ចុះកុងត្រាយកខ្សែបម្រើ Philippe Coutinho ពីក្លិប Barcelona រួចបង្វែរគោលដៅតាមទិញ ខ្សែបម្រើ Kai Havertz របស់ Bayern Leverkusen វិញ ទើបល្អ។

អ្នកចាត់ការទូទៅលោក Frank Lampard ត្រូវបានគេរាយការណ៍ថា កំពុងស្វះស្វែងរកកីឡាករថ្មីៗមកពង្រឹងតំបន់ប្រយុទ្ធ ខណៈមួយរយៈចុងក្រោយ កីឡាករទាំងពីររូបខាងលើ សុទ្ធសឹងតែមានព័ត៌មានលេចឮមកថា ជាគោលដៅរបស់ Chelsea ។

យ៉ាងណាក៏ដោយ ខ្សែការពារជើងចាស់លោក Frank យល់ឃើញថា Havertz ស័ក្ដិសមជាមួយ Chelsea ជាងអតីតខ្សែបម្រើ Liverpool កីឡាករ Coutinho។

អតីតម្ចាស់អាវលេខ៥ របស់​ Cheslea រូបនេះ បាននិយាយប្រាប់កាសែត ESPN យ៉ាងដូច្នេះថា៖

ខ្ញុំពេញចិត្តភាពចាស់ទុំ នៅលើទីលានរបស់គាត់ (Havertz)។ គាត់មើលទៅដូចជាកីឡាករមានវ័យ៣០ឆ្នាំហើយអ៊ីចឹង ហើយដឹងច្បាស់ថាគាត់ត្រូវធ្វើអ្វីលើទីលាន។ នៅពេលលើកនិយាយរឿង Chelsea ជាមួយ Coutinho ខ្ញុំបែជាមើលឃើញ Havertz ឯណោះទេ​ដែលគួរមក Premier League នៅពេលឆាប់ៗខាងមុខ។ ព្រោះគាត់ជាកីឡាករដែលពោរពេញដោយទេពកោសល្យ។

គួរឲ្យដឹងដែរថា សម្រាប់រដូវកាលនេះ Havertz ស៊ុតបញ្ចូលទីឲ្យក្រុម Bayern Leverkusen បាន១៤គ្រាប់ ក្នុងចំណោមការបង្ហាញខ្លួន ៣៦ប្រកួត។ យ៉ាងណាមិញ បើយោងតាមរបាយការណ៍របស់កាសែត​ The Sun ក្រៅពី Chelsea នៅមានក្លិបធំៗនៅ Premier League ចំនួន២ទៀតដែលចាប់ចិត្តលើជម្រើសជាតិអាល្លឺម៉ង់វ័យ២០ឆ្នាំរូបនេះ ក្នុងនោះរួមមានក្លិប Liverpool និង Manchester United ៕